អេស្ប៉ាញ បន្តឈរកំពូលតារាង FIFA World Rankings ស្របពេលអាមេរិកឡើងមកឈរលេខ១៤ នៅថ្ងៃបិទបញ្ចប់ឆ្នាំ២០២៥
23-12-2025 13:06
(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិ ផ្នែកបុរសអេស្ប៉ាញ បានបន្តឈរទីកំពូលតារាងនៃចំណាត់ថ្នាក់ពិភពលោករបស់ FIFA គ្រាដែលសហរដ្ឋអាមេរិក ប្រទេសម្ចាស់ផ្ទះ World Cup 2026 បានហក់ឡើងមកឈរលេខ១៤ សម្រាប់ការធ្វើបច្ចុប្បន្នភាពចុងក្រោយប្រចាំឆ្នាំ២០២៥។
ពីគេហទំព័រកីឡា Fox Sports បានចេញផ្សាយថា អេស្ប៉ាញ អតីតជើងឯក World Cup 2010 បានបញ្ចប់ក្នុងតំណែងកំពូលតារាង ប្រចាំឆ្នាំ២០២៥ នេះ ក្នុងចំណោម ២១០ប្រទេសដែលជាសមាជិករបស់ FIFA គិតចាប់តាំងពីដណ្តើមបានពីអាហ្សង់ទីន ម្ចាស់ជើងឯកពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា។
ដោយឡែកសម្រាប់អាមេរិក USMNT ដែលស្ថិតក្រោមការដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន Mauricio Pochettino បានឡើងមកនៅចំណាត់ថ្នាក់ខ្ពស់បំផុតផងដែរក្នុង FIFA World Rankings និងឈរទីកំពូលតារាងតែម្តង ប្រចាំតំបន់អាមេរិកខាងជើង (CONCACAF) នៅពេលដែលក្រុមជម្រើសជាតិគោព្រៃកម្ពុជា ស្ថិតនៅលេខរៀងទី១៧៩។
ជាបន្តទៅទៀតនេះ សូមបង្ហាញជូននូវ ១៥ចំណាត់ថ្នាក់ខ្ពស់បំផុតប្រចាំឆ្នាំ២០២៥ (The top 15 FIFA rankings for 2025) មានដូចជា៖ ១-អេស្ប៉ាញ ២-អាហ្សង់ទីន ៣-បារាំង ៤-អង់គ្លេស ៥-ប្រេស៊ីល ៦-ព័រទុយហ្គាល់ ៧-ហូឡង់ ៨-ប៊ែលហ្ស៊ិក ៩-អាល្លឺម៉ង់ ១០-ក្រូអាត ១១-ម៉ារ៉ុក ១២-អ៉ីតាលី ១៣-កូឡុំប៊ី ១៤-អាមេរិក ១៥-មិចស៊ិក៕





