Apple កំពុងសម្រិតសម្រាំង «កញ្ចក់ពិសេស» សម្រាប់ iPhone អេក្រង់បត់ដំបូងរបស់ខ្លួន ដើម្បីលុបបំបាត់ស្នាមផ្នត់
23-12-2025 15:21
(បរទេស)៖ ក្រុមហ៊ុន Apple ត្រូវបានរាយការណ៍ថា កំពុងសម្រុកធ្វើតេស្តបច្ចេកវិទ្យាកញ្ចក់ស្តើងបំផុតជំនាន់ថ្មីហៅថា Ultra-Thin Flexible Glass (UFG) សម្រាប់យកមកប្រើលើ iPhone អេក្រង់បត់ប្រភេទសៀវភៅរបស់ខ្លួន។ គោលដៅរបស់ Apple គឺដើម្បីដោះស្រាយបញ្ហា «ស្នាមផ្នត់» នៅចំកណ្តាលអេក្រង់ដែលតែងតែកើតមានលើទូរសព្ទបត់ដទៃ ដោយ Apple ចង់ឱ្យផ្ទៃអេក្រង់របស់ខ្លួនរាបស្មើស្អាត និងមើលមិនឃើញស្នាមបត់ទាល់តែសោះនៅពេលប្រើប្រាស់ប្រចាំថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយ MacRumors នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។
យោងតាមប្រភពបែកធ្លាយពី Digital Chat Station បានឱ្យដឹងថា Apple កំពុងវាយតម្លៃលើបន្ទះកញ្ចក់ដែលមានកម្រាស់មិនស្មើគ្នា ដោយប្រើកញ្ចក់ស្តើងបំផុតនៅត្រង់ចំណុចបត់ដើម្បីបង្កើនភាពបត់បែន និងប្រើកញ្ចក់ក្រាស់នៅផ្នែកផ្សេងទៀតដើម្បីរក្សាភាពរឹងមាំ។ ការធ្វើតេស្តនេះ ក៏រួមបញ្ចូលទាំងការប្រើប្រាស់គន្លឹះបត់ប្រភេទ Liquid Metal (លោហៈរាវ) ដើម្បីធានាថាអេក្រង់មានភាពធន់បំផុត និងអាចសម្រេចបាននូវផ្ទៃរាបស្មើ «ស្ទើរតែគ្មានស្នាមផ្នត់» (Virtually crease-free)។
ទោះបីជាបច្ចេកវិទ្យានេះមើលទៅហាក់ដូចជាស្មុគស្មាញ ប៉ុន្តែអ្នកជំនាញជឿជាក់ថា Apple ជិតសម្រេចបានជោគជ័យហើយ ដោយ iPhone អេក្រង់បត់ដំបូងនេះ អាចនឹងបង្ហាញខ្លួននៅឆ្នាំ ២០២៦ ខាងមុខ ជាមួយអេក្រង់ធំរហូតដល់ ៧,៨ អ៊ីញ (ប្រហាក់ប្រហែល iPad Mini)។ យ៉ាងណាមិញ បច្ចេកវិទ្យាដ៏អស្ចារ្យនេះក៏មកជាមួយតម្លៃមិនធម្មតាដែរ ដោយគេប៉ាន់ស្មានថាអាចនឹងថ្លៃចន្លោះពី ២,០០០ ដល់ ២,៥០០ ដុល្លារ ដែលធ្វើឱ្យវាក្លាយជា iPhone មានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ៕













