មេធំ TikTok គ្រោងចាយលុយ ជិត២៣ពាន់លានដុល្លារ លើបច្ចេកវិទ្យា AI

23-12-2025 16:24

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ByteDance ម្ចាស់កម្មសិទ្ធិបណ្ដាញសង្គម TikTok គ្រោងចំណាយប្រាក់ប្រហែល ១៦០ពាន់លានយ័ន (ប្រហែល ២៣ពាន់លានដុល្លារអាមេរិក) សម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិមិត្ត (AI) នៅឆ្នាំ២០២៦។ នេះបើតាមរបាយការណ៍របស់កាសែត Financial Times និងដកស្រង់ចេញផ្សាយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។

របាយការណ៍បានបញ្ជាក់ថា ការចំណាយនេះកើនឡើងពីប្រហែល ១៥០ ពាន់លានយ័ន ដែល ByteDance បានចំណាយនៅឆ្នាំនេះ។ ក្នុងចំណោមថវិកាសរុប គេរំពឹងថា ប្រហែលពាក់កណ្តាល នឹងត្រូវប្រើសម្រាប់ការទិញ ឈីប AI កម្រិតខ្ពស់ និងឧបករណ៍ពាក់កណ្តាលសម្រេចផ្សេងៗ ដើម្បីគាំទ្រការអភិវឌ្ឍ និងបណ្តុះបណ្តាលម៉ូឌែល AI ខ្នាតធំ។ ការវិនិយោគដ៏ធំនេះ បង្ហាញពីការផ្តោតសំខាន់កាន់តែខ្លាំងរបស់ ByteDance លើវិស័យ AI ខណៈក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិន កំពុងប្រកួតប្រជែងជាមួយក្រុមហ៊ុនអាមេរិក ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្តជំនាន់ថ្មី។

ទោះបីជាប្រឈមមុខនឹង ការរឹតបន្តឹងការនាំចេញបច្ចេកវិទ្យាពីសហរដ្ឋអាមេរិក ដែលកំណត់ការចូលដំណើរការឈីប Nvidia ជំនាន់ថ្មីៗ ក៏ដោយ ByteDance នៅតែបន្តពង្រីកសមត្ថភាពកុំព្យូទ័រ ដោយរួមទាំងការជួលមជ្ឈមណ្ឌលទិន្នន័យនៅក្រៅប្រទេស ដើម្បីទទួលបានឧបករណ៍កម្រិតខ្ពស់សម្រាប់ការងារ AI។ របាយការណ៍ក៏បានបញ្ជាក់ថា ប្រសិនបើមានការបន្ធូរបន្ថយលើការរឹតបន្តឹងនាំចេញឈីប AI កម្រិតខ្ពស់ ក្រុមហ៊ុន ByteDance អាចនឹងបង្កើនការវិនិយោគលើ AI ឲ្យខ្ពស់ជាងនេះថែមទៀត៕