ក្រុមហ៊ុន «ហុងដា អិនស៊ីអិច» (HONDA NCX) ចុះសួរសុខទុក្ខនាំយកអំណោយជាសម្ភារៈ បរិក្ខារ និងថវិកាជូនដល់ជនភៀសសឹកចំនួន ៣,៧៨៥គ្រួសារ ក្នុងខេត្តសៀមរាប
23-12-2025 16:50
(សៀមរាប)៖ ថ្នាក់ដឹកនាំនៃក្រុមហ៊ុនហុងដា អិន ស៊ី អិច (Honda NCX) បានចាត់តំណាងរួមទាំងបុគ្គលិក កម្មករ និងក្រុមការងារនាំយកអំណោយជាសម្ភារៈ បរិក្ខារ និងថវិកាជាលើកទី២ ដែលជាសកម្មភាពផ្តល់ជំនួយ ជូនដល់បងប្អូនប្រជាជនកម្ពុជា ចំនួន ៣,៧៨៥គ្រួសារ ស្មើរនឹង ១១,៣៥៥ នាក់ ដែលជាជនភៀសសឹក កំពុងស្នាក់អាស្រ័យបណ្តោះអាសន្ន នៅក្នុងមណ្ឌលសុវត្ថិភាពសិ្ថតនៅក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ។
កម្មវិធីផ្តល់ជំនួយនេះ មានគោលបំណងចូលរួមកាត់បន្ថយការលំបាក និងផ្តល់អំណោយបឋមដល់គ្រួសារជនភៀសសឹក ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព។ លើសពីនេះទៀត ក្រុមហ៊ុនហុងដា អិនស៊ីអិច (Honda NCX) បានផ្តល់សម្ភារៈ បរិក្ខារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ រួមជាមួយទឹកប្រាក់ ដើម្បីជួយកាត់បន្ថយបន្ទុក ជាពិសេសជួយគាំទ្រដល់ការរស់នៅប្រចាំថ្ងៃ របស់បងប្អូនជនភៀសសឹក។
លោក ណាអូអាគិ អ៊ិស្សិកាវ៉ា (Mr. Naoaki Ishikawa) តំណាងក្រុមហ៊ុន Honda NCX បានលើកឡើងនៅក្នុងកម្មវិធីនេះថា «ពួកយើងទាំងអស់គ្នាបានដឹងយ៉ាងច្បាស់ថា សន្តិភាពពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាជនកម្ពុជាទាំងមូល។ ដូច្នេះហើយខ្ញុំសង្ឃឹមថា ភាពលំបាកដែលបងប្អូនជួបប្រទះនាពេលនេះ ប្រាកដជាអាចបញ្ចប់នៅថ្ងៃណាមួយមិនខាន។ ពួកយើងជាបុគ្គលិក កម្មករនៃក្រុមហ៊ុន ហុងដា អិន ស៊ី អិច នឹងបន្តផ្តល់ការឧបត្ថម្ភគាំទ្រតាមលទ្ធភាព ដែលអាចធ្វើទៅបាន រហូតដល់បងប្អូនទាំងអស់គ្នាបានវិលត្រឡប់ទៅរកជីវភាពធម្មតាវិញ»។
កម្មវិធីជំនួយនេះ មានការចូលរួមយ៉ាងសកម្មពីបុគ្គលិក-កម្មករ ក្រុមហ៊ុន Honda NCX និងសាខាលក់ម៉ូតូ Honda ទាំងអស់ ដែលនេះបង្ហាញពីគុណតម្លៃរួមរបស់ក្រុមហ៊ុន និងសាខាលក់ម៉ូតូ Honda ពិសេសស្មារតីយកចិត្តទុកដាក់ សាមគ្គីភាព និងការរួមចំណែកក្នុងកិច្ចការសង្គមដែលមិនអាចខ្វះបាន។
ថ្នាក់ដឹកនាំ និងបុគ្គលិក-កម្មករ គ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុន ហុងដា អិន ស៊ី អិច Honda NCX បេ្ដជ្ញាបន្តចូលរួម និងរួមសុខទុក្ខជាមួយបងប្អូនប្រជាជនកម្ពុជា និងសូមជូនពរសូមប្រកបតែសុខភាពល្អ កម្លាំងមាំមួន សុខភមង្គលជួបជុំគ្រួសារ និងមានសុខសុវតិ្ថភាព៕



















