Amazon ប្រកាសប្រមូលរថយន្តវៃឆ្លាត Zoox ជាង ៣០០គ្រឿងវិញជាបន្ទាន់ ក្រោយរកឃើញបញ្ហាបច្ចេកទេសដែលអាចបង្កគ្រោះថ្នាក់
24-12-2025 08:16
(បរទេស)៖ ក្រុមហ៊ុន Zoox ដែលជាបុត្រសម្ព័ន្ធផលិតរថយន្តបើកបរដោយស្វ័យប្រវត្តិនៃក្រុមហ៊ុនយក្ស Amazon កំពុងប្រមូលរថយន្តចំនួន ៣៣២ គ្រឿង នៅសហរដ្ឋអាមេរិកត្រឡប់មកវិញ។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារសុវត្ថិភាពចរាចរណ៍ NHTSA រកឃើញកំហុសផ្នែក Software ដែលអាចធ្វើឱ្យរថយន្តមានដំណើរការខុសប្រក្រតីនៅតាមចំណុចផ្លូវប្រសព្វ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។
តាមការបញ្ជាក់របស់ NHTSA កំហុសបច្ចេកទេសនេះអាចបង្កហានិភ័យខ្ពស់ ដោយសាររថយន្ត Zoox «អាចបើកឆ្លងកាត់ខ្សែបន្ទាត់លឿងពាក់កណ្តាលផ្លូវ ហើយបើកចូល ឬទៅឈប់នៅពីមុខយានយន្តដែលកំពុងបើកបញ្ច្រាសទិសគ្នា» ដែលជាហេតុនាំឱ្យងាយនឹងកើតមានគ្រោះថ្នាក់ចរាចរណ៍បំផុត។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុនបានបញ្ចេញការធ្វើបច្ចុប្បន្នភាពប្រព័ន្ធបញ្ជាថ្មីជូនអតិថិជនដោយមិនគិតថ្លៃ។
គួររំលឹកថា នេះមិនមែនជាលើកទីមួយទេដែល Zoox ជួបបញ្ហា ដោយកាលពីខែឧសភាកន្លងទៅ ក្រុមហ៊ុនធ្លាប់បានប្រមូលរថយន្ត ២៧០ គ្រឿងមកកែសម្រួលម្ដងរួចមកហើយ ដើម្បីពង្រឹងប្រព័ន្ធសុវត្ថិភាពសម្រាប់អ្នកថ្មើរជើង។ ទោះជាយ៉ាងណា ទីភ្នាក់ងារ NHTSA ក៏ធ្លាប់បានបញ្ជាក់កាលពីខែសីហាថា រថយន្ត Zoox នៅតែត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងកម្រិតសាកល្បងបង្ហាញ បន្ទាប់ពីការស៊ើបអង្កេតលើបទដ្ឋានបច្ចេកទេសត្រូវបានបញ្ចប់៕












