ទោះប្រតិភូកីឡាខេត្តជាប់ព្រំដែន បានភៀសសឹក ក៏ជើងឯកប្រដាល់សកលថ្នាក់ជាតិឆ្នាំនេះ នៅតែកើនអ្នកចូលរួម

24-12-2025 08:51

(ភ្នំពេញ)៖ ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ បានចាប់ផ្ដើមការប្រកួតផ្លូវការហើយ ដោយមានកីឡាករ-កីឡាការិនីចូលរួមច្រើនជាងឆ្នាំមុន បើទោះបីប្រតិភូកីឡាខេត្តជាប់ព្រំដែនប្រមាណ ៥ខេត្ត បាននឹងកំពុងភៀសសឹក ខកខានការចូលរួម ដោយសារការឈ្លានពានរបស់សត្រូវសៀមយ៉ាងណាក្ដី។

នេះបើតាមការលើកឡើងរបស់លោក ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក្រោយព្រឹត្តិការណ៍ថ្នាក់ជាតិប្រចាំឆ្នាំនេះ បានចាប់ផ្ដើមការប្រកួត កាលពីថ្ងៃទី២៣ ហើយគ្រោងនឹងបញ្ចប់នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោកថា ជើងឯកថ្នាក់ជាតិឆ្នាំនេះ មានកីឡាករ-កីឡាការិនីចូលរួមសរុប ១៤២នាក់ មកពីសមាគម/ក្លិបចំនួន ២៣ ដ្បិតដំបូងឡើយមានកីឡាករ-កីឡាការិនីចុះឈ្មោះប្រមាណជាង ២០០នាក់ តែដោយសារសង្គ្រាមឈ្លានពានពីសត្រូវសៀម បានធ្វើឲ្យប្រតិភូកីឡាតាមខេត្តជាប់ព្រំដែនថៃ ៥ ទៅ ៦ខេត្ត ត្រូវភៀសសឹក ហើយខកខានការចូលរួម។ បែបនេះក្ដី តួរលេខកីឡាករ-កីឡាការិនីចូលរួមជាក់ស្ដែងឆ្នាំនេះ នៅតែកើនឡើង បើធៀបកាលពីឆ្នាំមុន។

ក្រឡេកមកចាប់អារម្មណ៍ការប្រកួតឆ្នាំនេះ សហព័ន្ធក៏បានបញ្ជូលថ្នាលអាយុក្រោម ១៦ឆ្នាំ និងអនុញ្ញាតឲ្យកីឡាករបរទេសចូលរួម ក្នុងនោះមានកីឡាករជប៉ុនម្នាក់បានចូលរួមប្រកួត ក្នុងគោលបំណងផ្ដល់ឱកាសឲ្យកីឡាករកម្ពុជា បានដកពិសោធន៍ពីការប្រកួតជាមួយកីឡាករបរទេស ក៏ដូចជាពង្រឹងសមត្ថភាព បច្ចេកទេស និងស្មារតីកាន់តែល្អប្រសើរ សម្រាប់ឆ្ពោះទៅចូលរួមការប្រកួតលើឆាកអន្ដរជាតិនាថ្ងៃអនាគត។

ជាមួយគ្នាលោក ប៊ុយ សុភ័ណ្ឌ បានវាយតម្លៃខ្ពស់ ចំពោះការបង្ហាញសមត្ថភាពរបស់កីឡាករវ័យក្មេងកម្ពុជា ដែលបានបង្ហាញគុណផលដ៏ទាក់ទាញ តួយ៉ាងកីឡាករវ័យក្មេង សុផាត មេសា ដែលបានវាយឈ្នះពិន្ទុអតីតម្ចាស់មេដាយសំរឹទ្ធ ឆ្នាំ២០១៧ ពេជ្រ ម្ទេសខ្មាំង នៅជុំដំបូង។ លទ្ធផលនេះ លោកបានចាត់ទុកជាសញ្ញាណដ៏ល្អ នៃភាពរីកចម្រើនរបស់ធនធានបន្ដវេនកីឡាប្រដាល់សកលកម្ពុជា។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ ក្នុងឱកាសប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំនេះដែរ សហព័ន្ធក៏បានភ្ជាប់ជាមួយមូលនិធិសប្បុរសធម៌ ដើម្បីកៀគរថវិកាចូលរួមជាមួយមូលនិធិប្រដាល់សកលកម្ពុជា ក្នុងន័យបង្ហាញនូវស្មារតីសាមគ្គីភាពក្នុងនាមមហាគ្រួសារខ្មែរ សម្រាប់ជួយដល់សមរភូមិមុខ ដែលកំពុងជួបការលំបាកដោយសារការឈ្លានពានទាំងងងើលរបស់យោធាថៃ ជាក់ស្ដែងប្រមាណជាង ១សប្ដាហ៍កន្លង មានសប្បុរសជនជាច្រើន បានចូលរួមបរិច្ចាគដល់មូលនិធិសហព័ន្ធ ហើយសហព័ន្ធផ្ទាល់ ក៏បានបើកលក់ឯកសណ្ឋានហ្វឹកហាត់របស់ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា ក្នុងតម្លៃ ៥ដុល្លារក្នុងមួយអាវ ដើម្បីទទួលបានថវិកាបរិច្ចាគចូលមូលនិធិមនុស្សធម៌នេះផងដែរ៕