Apple បញ្ចប់ការរឹងបន្តឹង! ព្រមបើកផ្លូវឱ្យប្រើ App Store ផ្សេង និងបង់ប្រាក់ក្រៅប្រព័ន្ធនៅប្រេស៊ីល
24-12-2025 09:52
(បរទេស)៖ ក្រុមហ៊ុន Apple បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រជាមួយនិយតករប្រកួតប្រជែងប្រេស៊ីល (CADE) ដោយយល់ព្រមអនុញ្ញាតឱ្យមានហាងកម្មវិធីក្រៅផ្លូវការ (Third-party app stores) និងប្រព័ន្ធទូទាត់ប្រាក់ផ្សេងទៀតនៅលើទូរស័ព្ទ iPhone ក្នុងប្រទេសនេះ។ ការសម្រេចចិត្តនេះធ្វើឡើងដើម្បីបញ្ចប់ការស៊ើបអង្កេតរយៈពេល ៣ ឆ្នាំ ជុំវិញការចោទប្រកាន់ពីការក្តោបក្តាប់ទីផ្សារផ្តាច់មុខ បន្ទាប់ពីមានពាក្យបណ្តឹងពីក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក MercadoLibre។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។
ក្រោមលក្ខខណ្ឌថ្មីនេះ Apple មានពេល ១០៥ ថ្ងៃ ដើម្បីអនុវត្តការផ្លាស់ប្តូរ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទិញទំនិញក្នុងកម្មវិធីតាមរយៈប្រព័ន្ធខាងក្រៅ ឬតំណភ្ជាប់គេហទំព័រផ្សេងៗបាន។ ទោះជាយ៉ាងណា Apple នៅតែបង្ហាញការបារម្ភដោយបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា វិធានការនេះនឹងនាំមកនូវហានិភ័យដល់ឯកជនភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ ក្រុមហ៊ុនបានលើកឡើងថា៖ «ទោះបីជាយើងបានខិតខំរក្សាការការពារប្រឆាំងនឹងការគំរាមកំហែងមួយចំនួនក៏ដោយ ប៉ុន្តែវិធានការការពារទាំងនេះនឹងមិនអាចលុបបំបាត់រាល់ហានិភ័យទាំងអស់បានឡើយ»។
ដោយឡែក ក្រុមហ៊ុន MercadoLibre បានកត់សម្គាល់ថា កិច្ចព្រមព្រៀងនេះគឺជាជំហានវិជ្ជមានមួយ ប៉ុន្តែវានៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដោយបញ្ជាក់ថាវា «ឆ្លើយតបតែមួយផ្នែកប៉ុណ្ណោះ ចំពោះតម្រូវការសម្រាប់ច្បាប់ដែលមានតុល្យភាពជាងមុន»។ ប្រសិនបើ Apple មិនអាចអនុវត្តតាមកិច្ចព្រមព្រៀងដែលមានសុពលភាព ៣ ឆ្នាំនេះទេ ក្រុមហ៊ុននឹងត្រូវប្រឈមមុខនឹងការផាកពិន័យជាទឹកប្រាក់រហូតដល់ ១៥០ លានរៀលប្រេស៊ីល (ប្រហែល ២៧ លានដុល្លារ)។
គួជម្រាបថា ការផ្លាស់ប្តូរនេះត្រូវបានគេមើលឃើញថាជាការចុះថយឥទ្ធិពលរបស់ Apple នៅក្នុងទីផ្សារអាមេរិកឡាទីន ដែលស្រដៀងទៅនឹងអ្វីដែលក្រុមហ៊ុនបានជួបប្រទះរួចមកហើយនៅក្នុងសហភាពអឺរ៉ុប៕









