Arsenal ឡើងទៅប៉ះ Chelsea ដែលត្រូវលេង ២ជើងនៃវគ្គ ៤ក្រុមពាន League Cup

24-12-2025 12:53

(បរទេស)៖ ក្រុមកាំភ្លើងធំ Arsenal បានឡើងទៅប៉ះតោខៀវ Chelsea ជាបន្តទៀតនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានកម្រិតទី៣ អង់គ្លេស League Cup 2025-26 ដែលតម្រូវលេង ២ជើងផងដែរ បន្ទាប់ពីទម្លាក់គូប្រជែង Crystal Palace រួចមកដោយបាល់ ១១ម៉ែត្រកាត់សេចក្តី។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការប្រកួតបិទបញ្ចប់វគ្គ ៨ក្រុមនាយប់មិញនៅកីឡដ្ឋាន Emirates កីឡាករចាំទី Kepa Arrizabalaga គឺជាវីរៈបុរសនៅពេលសង្រ្គោះបាល់ប៉េណាល់ទីពីកីឡាករ Maxence Lacroix បានសម្រេច ក្នុងការរួមចំណែកជួយ Arsenal យកឈ្នះក្រុមភ្ញៀវឥន្រ្ទី Crystal ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ៨-៧ ក្រោយបញ្ចប់ម៉ោងធម្មតា ៩០នាទីស្មើគ្នា ១-១។

មុនឈានដល់ការទាត់ប៉េណាល់ទីនោះដែរ កីឡាករ Lacroix បានធ្វេសប្រហែសចូលទីខ្លួនឯងនៅនាទី៨០ ដែលព្យាយាម clear បាល់ចេញពីមុខទី នៅពេលកាំភ្លើងធំទាត់បាល់ជ្រុង ក៏ប៉ុន្តែមិត្តរួមក្រុម Marc Guehi បានរត់យ៉ាងលឿន និងបញ្ចប់ទីបានសម្រេចតាមស្មើវិញ នៅពេលទទួលបាល់ពី Lerma នៅនាទី៩០+៥។

តាមរយៈជ័យជម្នះនេះញាំងឱ្យក្រុមរបស់លោក Mikel Arteta ត្រូវឡើងទៅប៉ះគូប្រជែងក្នុងលីគ Premier League ដូចគ្នា Chelsea ដែលត្រូវលេង ២ជើងប្តូរទឹកដីគ្នានាអំឡុងពាក់កណ្តាលខែមករា ឆ្នាំ២០២៦ និងដើមខែកុម្ភៈ គ្រាដែល Manchester City ត្រូវប៉ះ Newcastle United៕