ក្រសួងទេសចរណ៍ ប្រកាសរៀបចំព្រឹត្តិការណ៍ជិះកង់សប្បុរសធម៌ ដើម្បីជួយជនភៀសសឹក ក្រោមប្រធានបទ«រួមគ្នាដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី»

24-12-2025 14:18

(ភ្នំពេញ)៖ ក្រសួងទែសចរណ៍ បានប្រកាសនឹងរៀបចំព្រឹត្តិការណ៍ជិះកង់លក្ខណៈសប្បុរសធម៌មួយ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅទឹកដីអង្គរ ខេត្តសៀមរាប ដើម្បីកៀគរមូលនិធិជួយដល់គ្រួសារជនភៀសសឹក ដែលរងគ្រោះដោយសារការឈ្លានពានរបស់ថៃ។ នេះបើយោងតាមការជូនដំណឹងរបស់ក្រសួង នៅថ្ងៃអង្គារសប្ដាហ៍នេះ។

ប្រភពដដែលបញ្ជាក់ថា ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍ជិះកង់ផ្សារភ្ជាប់នឹងសកម្មភាពមនុស្សធម៌ ក្រោមប្រធានបទ «រួមគ្នាដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី» នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ នៅខេត្តសៀមរាប ក្នុងគោលបំណងពង្រឹងកម្លាំងសាមគ្គីភាពជាធ្លុងមួយ និងពង្រឹងស្មារតីឯកភាពផ្ទៃក្នុង ព្រមទាំងចូលរួមសកម្មភាពមនុស្សធម៌ដើម្បីជួយដល់គ្រួសារភៀសសឹក។

យោងតាមការផ្សព្វផ្សាយរបស់ក្រសួងទេសចរណ៍ សម្រាប់ការរៀបចំព្រឹត្តិការណ៍ជិះកង់សប្បុរសធម៌នេះ រាល់ការចុះឈ្មោះមិនត្រូវឲ្យបង់ប្រាក់នោះទេ គ្រាន់តែចូលរួមបរិច្ចាគជាសម្ភារ ឬថវិកា សម្រាប់ជួយដល់ជនភៀសសឹកប៉ុណ្ណោះ។ ប៉ុន្ដែរាល់ការចុះឈ្មោះចូលរួម កីឡាករ-កីឡាការិនីទាំងអស់ នឹងទទួលបាននូវអាវយឺតមួយ ភេសជ្ជៈ និងអាហារសម្រន់ទៀតផង ។ ការណ៍នេះ ក្រសួងនឹងមានភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជន ចូលរួមច្រើនកុះករ។

ក្នុងគ្រាដ៏លំបាកនេះដែរ ក្រសួងទេសចរណ៍ ក៏បានអំពាវនាវដល់សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ដែលមានបំណងចូលរួមបរិច្ចាគ ឬឧបត្ថម្ភដល់គ្រួសារភៀសសឹកជាសម្ភារៈឬថវិកា អាចចូលរួមតាមរយៈ QR Code ដែលក្រសួងបានផ្សព្វផ្សាយ ឬតាមរយទូរស័ព្ទទៅលេខ ០១១ ៨៣៣ ៣១៨ សម្រាប់ព្រឹត្តិការណ៍ជិះកង់ និងលេខ ០១១ ២៧១ ៩៦៩ សម្រាប់ការបិរច្ចាគ និងឧបត្ថមជនភៀសសឹកជាដើម៕