លេចធ្លាយព័ត៌មានថា Apple នឹងចាប់ផ្តើមសាកល្បងផលិត iPhone 18 Series នៅដើមខែមករាខាងមុខនេះ
24-12-2025 14:57
(បរទេស)៖ យោងតាមប្រភពចចាមអារ៉ាមថ្មីចុងក្រោយបង្អស់ពីប្រទេសចិន បានឱ្យដឹងថា ក្រុមហ៊ុន Apple នឹងចាប់ផ្តើមធ្វើការសាកល្បងឧបករណ៍ក្នុងស្រឡាយ iPhone 18 Series នៅលើខ្សែសង្វាក់ផលិតកម្មទ្រង់ទ្រាយធំជាបន្តបន្ទាប់ ចាប់ពីដើមខែមករា ឆ្នាំ២០២៦ នេះតទៅ។
តាមរយៈព័ត៌មានដែលបានចែកចាយនៅលើបណ្តាញសង្គម Weibo បានបង្ហាញថា ការផលិតជាក់ស្តែងត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅមុនឱកាសបុណ្យចូលឆ្នាំចិន ដែលត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ខ្សែសង្វាក់ផលិតកម្មសម្រាប់ម៉ូឌែល iPhone 18 Pro ត្រូវបានគេរាយការណ៍ថា បានរៀបចំរួចរាល់ហើយ ខណៈដែលប្រភពដដែលបានបន្ថែមថា រូបរាងខាងក្រៅនៃទូរស័ព្ទជំនាន់ថ្មីនេះ នឹងមិនមានការផ្លាស់ប្តូរធំដុំដូចអ្វីដែលមនុស្សភាគច្រើនបានរំពឹងទុកនោះទេ។
តើហេតុអ្វីបានជា Apple ចាប់ផ្តើមផលិតលឿនបែបនេះ?
មកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុដែល Apple សម្រេចចិត្តចាប់ផ្តើមផលិត iPhone 18 លឿនខុសពីធម្មតាបែបនេះឡើយ ប្រសិនបើក្រុមហ៊ុននៅតែរក្សាគម្រោងប្រកាសចេញនៅក្នុងខែកញ្ញាដដែលនោះ។ ក្នុងករណីខ្លះ អ្នកវិភាគជឿថាវាអាចជាយុទ្ធសាស្ត្រថ្មី "Split-launch" (ការបំបែកកាលបរិច្ឆេទប្រកាសចេញ) ដែលម៉ូឌែលខ្លះអាចនឹងត្រូវបញ្ចេញលក់មុនកំណត់ក្នុងឆ្នាំ២០២៦។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានណែនាំថា អ្នកគាំទ្រគួរតែកុំទាន់ជឿជាក់ ១០០% លើព័ត៌មាននេះអី (គួរពិចារណាដោយការប្រុងប្រយ័ត្ន) ព្រោះវាគ្រាន់តែជាដំណឹងលេចធ្លាយដំបូងៗ ហើយក៏មិនទាន់មានហេតុផលសមរម្យណាមួយមកបញ្ជាក់ពីការផ្លាស់ប្តូរពេលវេលាផលិតដ៏ឆាប់រហ័សនេះនៅឡើយដែរ៕








