អ៉ីតាលី បញ្ជាឲ្យ Meta ផ្អាកលក្ខខណ្ឌមួយចំនួនលើ WhatsApp ដែលរារាំងមុខងារ AI របស់គូប្រជែង

25-12-2025 10:06

(បរទេស)៖ អាជ្ញាធរប្រឆាំងការប្រកួតប្រជែងរបស់ប្រទេសអ៉ីតាលី បានបញ្ជាឲ្យក្រុមហ៊ុនបណ្តាញសង្គមរបស់អាមេរិក Meta Platforms ផ្អាកការអនុវត្តន៍លក្ខខណ្ឌខ្លះៗ ក្នុង WhatsApp ដែលអាចរារាំង AI chatbots របស់គូប្រជែង។ ការសម្រេចនេះ គឺជាផ្នែកមួយនៃការស៊ើបអង្កេតលើការសង្ស័យថា Meta បានគ្រប់គ្រងអំណាចទីផ្សារដ៏លេចធ្លោរបស់ខ្លួនហួសហេតុ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥។

ការស៊ើបអង្កេតបានចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០២៥ ហើយត្រូវបានពន្យារពេលដល់ខែមិថុនា ដើម្បីពិនិត្យលើលក្ខខណ្ឌថ្មីៗ ដែល WhatsApp បានកែប្រែសម្រាប់ WhatsApp Business Solution Terms។ លក្ខខណ្ឌទាំងនេះ ត្រូវបានគេចាត់ទុកថា ដាច់ខាតពេក ដែលអាចរារាំងដល់ AI chatbots ដែលជារបស់ក្រុមហ៊ុនផ្សេងៗ មិនអាចចូលបង្ហាញវត្តមានទៅលើវេទិកា WhatsApp។

អាជ្ញាធរអ៉ីតាលី បានពិចារណាថា លក្ខខណ្ឌដូចនេះ អាចកាត់បន្ថយការផលិត ការចូលទីផ្សារ ឬក៏ការអភិវឌ្ឍបច្ចេកទេសក្នុងទីផ្សារ AI chatbots ដែលនិងធ្វើឲ្យអ្នកប្រើប្រាស់រងផលប៉ះពាល់។ ដោយសារតែមកទល់នឹងបច្ចុប្បន្ន ការស៊ើបអង្កេតនៅតែបន្ត រដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យផ្អាកលក្ខខណ្ឌ WhatsApp Business Solutions ដែលមើលទៅហាក់រារាំង Meta AI ចេញពីការប្រកួតប្រជែងយ៉ាងពេញលេញ។ Meta បានឆ្លើយតបថា ការសម្រេចនេះ «ខុសឆ្គងនឹងស្ថិតិចម្បង» ដោយអះអាងថា WhatsApp Business API មិនបានរចនាឡើងសម្រាប់ការចែកចាយ AI chatbots ឡើយ។

សកម្មភាពនេះ គឺជាផ្នែកនៃការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងរបស់អាជ្ញាធរប្រឆាំងការប្រកួតប្រជែងក្នុងសហភាពអឺរ៉ុប ទប់ទល់នឹងក្រុមហ៊ុនបច្ចេកវិទ្យាធំនានា។ អាជ្ញាធរអឺរ៉ុបកំពុងសហការជាមួយក្រុម Meta ដើម្បីធានាថា ការអនុវត្តន៍របស់ក្រុមហ៊ុនត្រូវបានដោះស្រាយយ៉ាងមានប្រសិទ្ធភាពបំផុតសម្រាប់ការប្រកួតប្រជែង និងសិទ្ធិនៃអ្នកប្រើប្រាស់៕