Nvidia ព្រមព្រៀងប្រើបច្ចេកវិទ្យាពីក្រុមហ៊ុន Groq ក្នុងកិច្ចសន្យារពិសេសមួយ

25-12-2025 10:37

(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបឈានមុខគេលើពិភពលោក Nvidia បានប្រកាសពីការចូលរួមក្នុងកិច្ចព្រមព្រៀងពិសេសមួយ ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀត ដោយបានព្រមព្រៀងប្រើបច្ចេកវិទ្យា (license) របស់ក្រុមហ៊ុន Groq និង ទទួលយកអ្នកដឹកនាំជាន់ខ្ពស់មួយចំនួន មកធ្វើការនៅ Nvidia ដើម្បីពង្រឹងសមត្ថភាពក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥។

យោងតាមប្រភពព័ត៌មាន កិច្ចព្រមព្រៀងនេះជាការអនុញ្ញាតឲ្យ Nvidia ប្រើប្រាស់បច្ចេកវិទ្យាឈីប AI inference របស់ Groq ដែលមានឯកទេសក្នុងការដំណើរការម៉ូដែល AI បានលឿន និងមានប្រសិទ្ធភាព។ កិច្ចព្រមព្រៀងមានលក្ខណៈ មិនផ្តាច់មុខ (non-exclusive) នេះ មានន័យថា Groq នៅតែអាចផ្តល់បច្ចេកវិទ្យានេះឲ្យក្រុមហ៊ុនផ្សេងទៀតបាន។ ជាមួយគ្នានេះផងដែរ អ្នកបង្កើត និងអ្នកដឹកនាំសំខាន់ៗរបស់ Groq រួមទាំងអ្នកជំនាញវិស្វកម្ម AI មួយចំនួន នឹងចូលរួមធ្វើការនៅ Nvidia ដើម្បីជួយអភិវឌ្ឍ និងពង្រីកបច្ចេកវិទ្យា AI ជំនាន់ក្រោយ។

អ្នកវិភាគឧស្សាហកម្មនេះបានលើកឡើងថា កិច្ចព្រមព្រៀងបែបនេះកំពុងក្លាយជានិន្នាការថ្មីសម្រាប់ក្រុមហ៊ុន Big Tech ដែលចង់ទទួលបាន បច្ចេកវិទ្យា និងធនធានមនុស្សសំខាន់ៗ ដោយមិនចាំបាច់ទិញយកក្រុមហ៊ុនទាំងមូល ដែលអាចជៀសវាងការត្រួតពិនិត្យតឹងរ៉ឹងពីអាជ្ញាធរប្រឆាំងអំណាចផ្តាច់មុខ (antitrust)។ Groq នឹងបន្តដំណើរការជាក្រុមហ៊ុនឯករាជ្យដដែល ខណៈ Nvidia បន្តពង្រឹងមុខតំណែងជាមេដឹកនាំទីផ្សារ AI នៅពេលដែលការប្រកួតប្រជែងក្នុងវិស័យឈីប AI កាន់តែខ្លាំងឡើង៕