LG លក់រោងចក្រឱ្យ Honda តម្លៃជិត ៣ពាន់លានដុល្លារ ដើម្បីពង្រឹងការផលិតអាគុយរថយន្តនៅអាមេរិក
25-12-2025 12:26
(បរទេស)៖ ក្រុមហ៊ុនផលិតអាគុយយក្សកូរ៉េខាងត្បូង LG Energy Solution (LGES) បានសម្រេចលក់អគាររោងចក្រ និងទ្រព្យសម្បត្តិមួយចំនួននៅរដ្ឋ Ohio សហរដ្ឋអាមេរិក ឱ្យទៅក្រុមហ៊ុន Honda ក្នុងតម្លៃប្រមាណ ២,៨៦ ពាន់លានដុល្លារ។ ការលក់នេះ មិនមែនជាការឈប់សហការគ្នាឡើយ ប៉ុន្តែគឺជាការរៀបចំរចនាសម្ព័ន្ធថ្មីដើម្បីឱ្យការផលិតកាន់តែមានប្រសិទ្ធភាព ដែលគ្រោងនឹងចាប់ផ្តើមនៅឆ្នាំក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥។
អ្នកនាំពាក្យក្រុមហ៊ុន Honda បានបញ្ជាក់ប្រាប់សារព័ត៌មាន Reuters ថា៖ «ការទិញយកអគារនេះ នឹងជួយឱ្យ Honda មានលទ្ធភាពបត់បែនខ្ពស់ ក្នុងការផលិតអាគុយមិនត្រឹមតែសម្រាប់រថយន្តអគ្គិសនី (EV) ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់រថយន្តកូនកាត់ (Hybrid) ដែលកំពុងមានតម្រូវការផងដែរ»។
ការផ្លាស់ប្តូរនេះកើតឡើងចំពេលដែលទីផ្សាររថយន្តអគ្គិសនីនៅអាមេរិកកំពុងមានភាពមិនប្រាកដប្រជា។ ជាក់ស្តែង ក្រុមហ៊ុន Ford ទើបតែបានលុបចោលកិច្ចសន្យាដ៏ធំជាមួយ LG ហើយថែមទាំងបានបោះបង់គម្រោងរថយន្តអគ្គិសនីមួយចំនួនទៀតផង។ ស្ថានភាពនេះឆ្លុះបញ្ចាំងពី «ការដកថយយ៉ាងគំហុករបស់ឧស្សាហកម្មយានយន្តពីការប្រើអាគុយសុទ្ធ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយថ្មីរបស់រដ្ឋបាលលោក Trump និងការធ្លាក់ចុះនៃតម្រូវការទីផ្សារ»។
ដើម្បីទប់ទល់នឹងហានិភ័យនេះ ក្រុមហ៊ុនផលិតអាគុយធំៗរបស់កូរ៉េខាងត្បូង កំពុងចាប់ផ្តើមងាកទៅផលិតអាគុយសម្រាប់ប្រើប្រាស់ក្នុង «មជ្ឈមណ្ឌលផ្ទុកទិន្នន័យ» (Data Centers) ជំនួសវិញ ដែលជាទីផ្សារថ្មីមួយកំពុងមានសក្ដានុពលខ្លាំង ក្រៅពីវិស័យរថយន្ត៕










