Southampton និង Coventry រងទណ្ឌកម្មពី FA ខណៈមានឱកាសប្តឹងបកត្រឹមថ្ងៃទី៣០ ខែធ្នូ
25-12-2025 14:09
(បរទេស)៖ ទាំងក្លឹបបាល់ទាត់អាជីព Southampton និង Coventry City ត្រៀមខ្លួនទទួលបម្រាមពីសមាគម FA របស់អង់គ្លេសនាពេលខាងមុខ ដោយសារតែប៉ះទង្គិតគ្នាមួយប្រាវ នៅពេលអាជ្ញាកណ្តាលផ្លុំកញ្ចែកបញ្ចប់ការប្រកួត ជាមួយនឹងឱកាសប្តឹងបដិសេធវិញដែរ ត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការប៉ះទង្គិចគ្នាចុងបញ្ចប់នៃការប្រកួតនោះដែរ ជាមួយនឹងលទ្ធផលផ្លូវការស្មើគ្នា ១-១ ក្នុងកីឡដ្ឋាន St. Mary’s របស់ក្រុម Southampton នៃក្របខណ្ឌទី២ អង់គ្លេស Championship 2025-26 ដោយមានការចូលរួមពីសំណាក់កីឡាករ និងមន្រ្តីក្លឹបជាច្រើនពីភាគីទាំងពីរ។
ជាការកត់សម្គាល់ផងដែរ មុនឈានដល់ផ្ទុះជម្លោះកាន់តែធំនោះ គេឃើញអ្នកចាត់ការទូទៅរបស់ក្រុមមេឃខៀវ គឺលោក Frank Lampard បានប៉ះពារសំដីជាគ្នាជាមួយក្រុមកីឡាកររបស់ Saints មុនពេលមានគ្នាជាច្រើនចូលរួម។
ក្នុងប្រកួត ៩០នាទីពេញ Coventry ដែលជាក្រុមភ្ញៀវជាអ្នកធ្វើបានគ្រាប់នាំមុខតាំងពីវគ្គទី១ មកម្ល៉េះដោយកីឡាករ Ephron Mason-Clark មុនពេលបាត់បង់សមាជិក Jay Dasilva ពីការទទួលបានកាតក្រហមពីការប៉ះទង្គិចគ្នានៅដើមវគ្គទី២ ដែលញាំងឱ្យក្រុម Sky Blues មួយនេះនៅសល់សមាជិកតែ ១០នាក់ និងត្រូវបាន Nathan Wood រកគ្រាប់តាមស្មើ ១-១ វិញនៅ ៩នាទីបន្ទាប់។
តាមរយៈលទ្ធផលស្មើនេះដែរបានធ្វើឱ្យ Conventry City របស់លោក Lampard ខកខានឱកាសនាំមុខដាច់កំពូលតារាង Championship ៨ពិន្ទុ ស្របពេលក្លឹបទាំងពីរខាងលើនេះ មានឱកាសប្តឹងបដិសេធរហូតដល់ថ្ងៃអង្គារ ទី៣០ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ៕



