ស្មាតហ្វូនបរទេសវាយលុកទីផ្សារចិនខ្លាំង ខណៈការនាំចូលកើនឡើងជាង ១២០% ក្នុងខែវិច្ឆិកា

25-12-2025 16:54

(បរទេស)៖ ទីផ្សារស្មាតហ្វូនម៉ាកបរទេសនៅក្នុងប្រទេសចិន រួមទាំងកំពូលទូរសព្ទ iPhone របស់ក្រុមហ៊ុន Apple ផងនោះ បានបង្ហាញសន្ទុះកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ យោងតាមទិន្នន័យពីវិទ្យាស្ថាន CAICT ដែលត្រូវបានចុះផ្សាយដោយភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែធ្នូនេះ បានឱ្យដឹងថា ការនាំចេញទូរសព្ទម៉ាកបរទេសទៅកាន់ទីផ្សារចិនក្នុងខែវិច្ឆិកា បានកើនឡើងរហូតដល់ ១២៨,៤% បើធៀបនឹងឆ្នាំមុន។

តាមការគណនារបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា ចំនួនទូរសព្ទបរទេសដែលបានចរាចរលក់នៅលើទីផ្សារចិនមានរហូតដល់ ៦,៩៣ លានគ្រឿង ត្រឹមតែក្នុងរយៈពេលមួយខែប៉ុណ្ណោះ។ ការកើនឡើងជាងទ្វេដងនេះ បានសបញ្ជាក់ឱ្យឃើញថា បើទោះបីជាមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញពីក្រុមហ៊ុនក្នុងស្រុករបស់ចិនក៏ដោយ ក៏អ្នកប្រើប្រាស់នៅតែផ្តល់តម្លៃ និងមានទំនោរខ្លាំងទៅលើផលិតផលបច្ចេកវិទ្យាលំដាប់អន្តរជាតិ។

ដោយឡែក បើក្រឡេកមកមើលទីផ្សារទូរសព្ទសរុបក្នុងប្រទេសចិនវិញ ក៏មានការកើនឡើងប្រហែល ១,៩% ផងដែរ ដែលស្មើនឹងការលក់ចេញសរុបជាង ៣០ លានគ្រឿង។ កំណើនដ៏មហិមារបស់ម៉ាកបរទេសនេះ គឺជាសញ្ញាវិជ្ជមានមួយបង្ហាញថា ក្រុមហ៊ុនអន្តរជាតិកំពុងទទួលបានជោគជ័យក្នុងការដណ្តើមចំណែកទីផ្សារមកវិញ នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតមួយក្នុងពិភពលោក៕