កាន់តែផ្អើលលីគកម្ពុជា CPL ក្រុមវិសាខា នាំយក U23 កាណាដា ក្រោយភ្នំពេញក្រោនយកខ្សែប្រយុទ្ធប្រេស៊ីល Breninho ពង្រឹងក្រុម

26-12-2025 09:11

(ភ្នំពេញ)៖ ក្រុមវិសាខា ត្រូវបានចាត់ទុកជាក្រុមរុះរើសកីឡាករច្រើនជាងគេ បន្ទាប់ពីផ្លាស់ប្ដូរគ្រូថ្មី ពិសេសកីឡាករបរទេស ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៦ ខែធ្នូនេះ ក្លិបទើបបានប្រកាសនាំចូលខ្សែបម្រើ-ប្រយុទ្ធចំណូលថ្មី Lucas Dias ដែលជាសមាជិកក្រុមជម្រើសជាតិ U23 កាណាដា ក្រោយផ្ទេរខ្សែប្រយុទ្ធរហស្សនាម «សួតដែក» Breninho ទៅកាន់ក្លិបភ្នំពេញក្រោន ក្នុងលក្ខខណ្ឌខ្ចីជើងគួរឲ្យភ្ញាក់ផ្អើល។

មានដើមកំណើតនៅទីក្រុង Toronto នៃប្រទេសកាណាដា Lucas Dias បានផ្ដើមអាជីពបាល់ទាត់ជាមួយក្លិប Sporting CP តាំងពីកុមារ ដល់យុវជន រហូតបានលេងក្រុមធំ នាប្រទេសព័រទុយហ្គាល់នេះ ចន្លោះឆ្នាំ២០១១ ដល់ឆ្នាំ២០២៣ ហើយត្រូវបានដាក់ខ្ចីជើងលេងឲ្យក្លិប Cavalry FC និងក្លិប Dezembro នៅទឹកដីព័រទុយហ្គាល់ដដែល។ ក្រៅពីជួយក្លិប Lucas Dias ក៏ធ្លាប់បានលេងឲ្យក្រុមជម្រើសជាតិ U23 កាណាដាផងដែរ។

ការមកដល់របស់ខ្សែបម្រើប្រយុទ្ធវ័យ ២២ឆ្នាំរូបនេះ ត្រូវបានគេរំពឹងថា នឹងត្រូវជំនួសតំណែងខ្សែប្រយុទ្ធប្រេស៊ីល Breninho ដែលក្លិបបានប្រកាសផ្ទេរទៅភ្នំពេញក្រោន ក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់ចប់រដូវកាល កាលពីម្សិលមិញ ។ ការផ្ទេរ Breninho ក៏ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំងផងដែរ ដ្បិតគេទទួលស្គាល់កីឡាកររហស្សនាម «សួតដែក» ដែលរត់មិនចេះហត់នេះ គឺជាកីឡាករដ៏មានគុណភាពមួយរូប ស្របពេលវិសាខា និងភ្នំពេញក្រោន គឺជាគូប្រជែងដ៏ខ្លាំងក្លាជាមួយគ្នា។

សរុបមកទល់ពេលនេះ វិសាខា បានផ្លាស់ប្ដូរកីឡាករបរទេសអស់ហើយ សម្រាប់លក្ខខណ្ឌក្នុងទីផ្សារដោះដូរកីឡាករបរទេសលើកទី២ ដែល CPL បានអនុញ្ញាតឲ្យផ្លាស់ប្ដូរកីឡាករបរទេស ៣រូប។ រីឯកីឡាករបរទេស ២រូប ដែលវិសាខា ទើបនាំចូល និងដាក់ឲ្យលេងកាលពីសប្ដាហ៍មុន រួមនាកីឡាករសើប៊ី Pavle Valja និងកីឡាករអង់គ្លេស Scott Allardice៕