ចិន រំពឹងថាមានដំណោះស្រាយស្របច្បាប់ និងតុល្យភាព សម្រាប់កិច្ចសន្យា TikTok នៅអាមេរិក

26-12-2025 10:11

(បរទេស)៖ រដ្ឋាភិបាលចិន បានថ្លែងថា ក្រុមហ៊ុនដែលពាក់ព័ន្ធក្នុងកិច្ចព្រមព្រៀង TikTok នឹងរកដំណោះស្រាយ ដែលគោរពតាមច្បាប់របស់ចិន និងយកចិត្តទុកដាក់ចំពោះផលប្រយោជន៍រួមរបស់គ្រប់ភាគី នៅពេល TikTok បន្តដំណើរការដោយមានទំនុកចិត្តនៅទីផ្សារអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥។

កិច្ចសន្យានេះកើតឡើង បន្ទាប់ពី ByteDance ម្ចាស់កម្មវិធីវីដេអូខ្លីៗ TikTok បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនវិនិយោគជាផ្លូវការមួយ ដែលរួមមានក្រុមហ៊ុន Oracle ដើម្បីផ្ទេរការគ្រប់គ្រងប្រតិបត្តិការ Tik Tok នៅអាមេរិក និងបញ្ឈប់ការហាមឃាត់ TikTok នៅសហរដ្ឋអាមេរិក។

អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្មចិន លោកស្រី He Yongqian បាននិយាយក្នុងសន្និសីទ​សារព័ត៌មាន​មួយ​ ដោយសង្ឃឹមថា ភាគី​សហរដ្ឋអាមេរិក​នឹង​ធ្វើការ​ជាមួយ​ប្រទេស​ចិន​ក្នុង​ទិសដៅ​ដូចគ្នា បំពេញ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ដោយ​ស្មោះត្រង់ ផ្តល់​បរិយាកាស​អាជីវកម្ម​ដ៏​យុត្តិធម៌ បើកចំហ មាន​តម្លាភាព និង​មិន​រើសអើង​សម្រាប់​ប្រតិបត្តិការ​ជា​បន្តបន្ទាប់ និង​មាន​ស្ថិរភាព​របស់​សហគ្រាស​ចិន​នៅ​សហរដ្ឋអាមេរិក៕