ទីផ្សាររថយន្តអគ្គិសនីជជុះនៅសិង្ហបុរីកំពុងជួបវិបត្តិ ខណៈលក់ចេញពិបាក ឯតម្លៃធ្លាក់ចុះខ្លាំងគួរឱ្យបារម្ភ

26-12-2025 16:35

(បរទេស)៖ ខណៈពេលដែលរថយន្តអគ្គិសនី (EV) ថ្មីៗកំពុងមានសន្ទុះខ្លាំង ប៉ុន្តែសម្រាប់ទីផ្សារ «ឡានមួយទឹក» វិញ បែបជាកំពុងជួបវិបត្តិគួរឱ្យកត់សម្គាល់។ អាជីវករនៅសិង្ហបុរីបានទម្លាយថា រថយន្ត EV ជជុះអាចធ្លាក់ថ្លៃរហូតដល់ ៤០% ខណៈរថយន្តសាំងធម្មតាធ្លាក់ថ្លៃត្រឹមតែ ១០% ប៉ុណ្ណោះ ដែលគម្លាតនេះបានធ្វើឱ្យម្ចាស់រថយន្ត និងអាជីវករជាច្រើនរារែកចិត្ត។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥។

លោក Anson Lee នាយកគ្រប់គ្រងក្រុមហ៊ុន Euro Performance Asia បានលើកឡើងចំៗថា៖ «ខ្ញុំស្ទើរតែមិនទទួលទិញរថយន្ត EV ជជុះចូលឃ្លាំងទាល់តែសោះ ព្រោះវាពិបាកលក់ចេញខ្លាំងបំផុត។ ទីផ្សារស្ទើរតែគ្មានតម្រូវការ ហើយអាជីវករភាគច្រើនក៏មិនហ៊ានហក់មកលេងដែរ»។ លោកបានបន្ថែមថា ជាមធ្យមឡានសាំងប្រើពេលត្រឹម ៣ សប្តាហ៍គឺលក់ដាច់បាត់ទៅហើយ ប៉ុន្តែឡាន EV ជជុះវិញ ជួនកាលត្រូវចតចោលរហូតដល់កន្លះឆ្នាំ ឬលើសពីនេះក៏មាន។

មូលហេតុដែលធ្វើឱ្យអ្នកទិញមិនហ៊ានងាកមកប្រើឡាន EV ជជុះ គឺដោយសារការបារម្ភលើរឿង ៣ សំខាន់ៗ៖

១. បច្ចេកវិទ្យាចាស់លឿន៖ ឡាន EV វិវត្តសមត្ថភាពថ្មលឿនដូចទូរស័ព្ទដៃ ដែលធ្វើឱ្យស៊េរីចាស់ធ្លាក់កូដភ្លាមៗ។
២. កង្វះយានដ្ឋានជួសជុល៖ លោក Desmond Chan មកពី Sgcarmart បានចោទសួរថា៖ «តើមានយានដ្ឋានគ្រប់គ្រាន់សម្រាប់ជួសជុលរថយន្តអគ្គិសនីដែរឬទេ ប្រសិនបើមានបញ្ហា?»
៣. ភាពមិនច្បាស់លាស់នៃតម្លៃ៖ ដោយសារវាជាបច្ចេកវិទ្យាថ្មី អ្នកទិញមិនទាន់ដឹងថាបើប្រើ ៥ ទៅ ១០ ឆ្នាំទៀត តើឡាននោះនឹងនៅសល់តម្លៃប៉ុន្មាន។

ទោះជាយ៉ាងណា អ្នកជំនាញព្យាករណ៍ថា ស្ថានភាពនេះនឹងល្អប្រសើរឡើងវិញ នៅពេលបច្ចេកវិទ្យាថ្មចាប់ផ្ដើមមានស្ថិរភាព (មិនសូវប្រែប្រួលស៊េរីលឿនពេក)។ លោកសាស្ត្រាចារ្យ Walter Theseira បានផ្តល់យោបល់ថា៖ «ល្បឿននៃការផ្លាស់ប្តូរបច្ចេកវិទ្យាចាប់ផ្ដើមថយចុះ ដែលនេះជាសញ្ញាល្អសម្រាប់អ្នកដែលបារម្ភរឿងតម្លៃលក់បន្តនៅថ្ងៃអនាគត»។ ម្យ៉ាងវិញទៀត នៅពេលរដ្ឋាភិបាលកាត់បន្ថយការឧបត្ថម្ភលើឡានថ្មី នោះអ្នកមានថវិកាតិចនឹងចាប់ផ្ដើមងាកមករកមើលឡាន EV ជជុះវិញជាមិនខាន៕