ជើងឯកប្រដាល់សកលថ្នាក់ជាតិ បញ្ចប់ដោយជោគជ័យ ខណៈកៀគរបានមូលនិធិ ១២លានរៀលសម្រាប់ជួយជនភៀសសឹក និងវីរកងទ័ពជួរមុខ

27-12-2025 09:24

(ភ្នំពេញ)៖ ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៦ ខែធ្នូ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយក្លិបក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ឈ្នះមេដាយមាសច្រើនជាងគេ ស្របពេលមូលនិធិប្រដាល់សកលសម្រាប់គាំទ្រវីរកងទ័ពជួរមុខ និងជួយដល់បងប្អូនជនភៀសសឹកទទួលបានការគាំទ្រលើសការរំពឹងទុក ដោយទទួលបានថវិកាសរុប ១២លានរៀល។

លោក ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបញ្ជាក់ថា ការប្រកួតឆ្នាំនេះ ជោគជ័យដ៏ត្រចះត្រចង់ ដោយមានការកើនឡើងទាំងចំនួនកីឡាករ-កីឡាការិនី សមាគម/ក្លិប និងគុណផលបច្ចេកទេស បើទោះបីក្នុងកាលៈទេសៈប្រទេសកម្ពុជា កំពុងរងគ្រោះដោយសារសង្គ្រាមថៃឈ្លានពានក៏ដោយ ក្នុងនោះក៏មានកីឡាករ-កីឡាការិនី និងសមាគម/ក្លិបមួយចំនួន ក៏ការខកខានចូលរួម ដោយសារការឈ្លាមពាននេះដែរ។

លោកបន្ដថា «ពាក់ព័ន្ធនឹងគុណភាពរបស់កីឡាករ-កីឡាការិនី យើងសង្កេតឃើញថា កីឡាករ-កីឡាការិនីទាំងអស់ បានបង្ហាញនូវគុណផលរីកចម្រើនគួរឲ្យកត់សម្គាល់ បើយើងធៀបនឹងឆ្នាំមុន ពិសេសតាមរយៈការទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ការប្រកួតពិតស្វិតស្វាញ មិនមែនជម្រើសជាតិនោះទេ ដែលឈ្នះមេដាយ កីឡាករមកពីតាមបណ្ដាក្លិបក៏ឈ្នះមេដាយដែរ។ នេះគឺជាសមិទ្ធផលនៃការរីកចម្រើននៃការអភិវឌ្ឍកីឡាប្រដាល់សកលនៅកម្ពុជា»

«អ្វីដែលពិសេសទៀតនោះ ឆ្នាំនេះប្លែក បន្ទាប់ពីសហព័ន្ធបញ្ចូលវិញ្ញាសាថ្នាលលើកដំបូង ហើយបានទាក់ទាញការចូលរួមយ៉ាងផុលផុសពីថ្នាលតាមបណ្ដាក្លិប ។ ពាក់ព័ន្ធនឹងការប្រកួត យើងសង្កេតឃើញមានភាពទាក់ទាញខ្លាំង ដោយសារបច្ចេកទេសដ៏ល្អរបស់ពួកគាត់។ ដូច្នេះយើងរំពឹងថា ជ័យលាភីសម្រាប់ថ្នាល ទាំង U16, U19 និងលើសអាយុ ១៩ឆ្នាំ គាត់នឹងអាចប្រមូលផ្ដុំ និងក្លាយជាជម្រើសជាតិ ដើម្បីពង្រឹង និងសម្រួចបច្ចេកទេសពួកគាត់បន្ថែម»

លោក ប៊ុយ សុភ័ណ្ឌ បន្ថែមថា ក្រៅពីជោគជ័យផ្នែកបច្ចេកទេស មូលនិធិប្រដាល់សកល ក៏មានការគាំទ្រយ៉ាងខ្លាំងដែរ ដោយគិតត្រឹមថ្ងៃបិទបញ្ចប់កាលពីម្សិលមិញ សហព័ន្ធកៀគរបានថវិកាសរុប ១២លានរៀល ពីមូលនិធិ និងការលក់អាវ។ ថវិកានេះលើសពីការរំពឹងទុក ដែលសហព័ន្ធគ្រោងត្រឹម ១០លានរៀល ខណៈការបោះពុម្ភ ២០០អាវសម្រាប់លក់ ក៏លក់អស់គ្មានសល់ ហើយថវិកាទាំងអស់ សហព័ន្ធនឹងរៀបចំជាគ្រឿងឧបភោគបរិភោគជួយដល់ជនភៀសសឹក នៅខេត្ដឧត្តរមានជ័យ និងមួយផ្នែកសម្រាប់ជួយដល់វីរកងទ័ពជួរមុខផងដែរ។

ក្នុងនាមសហព័ន្ធលោកបានថ្លែងអំណរគុណសប្បុរសជនទាំងអស់ ដោយលោកបានគូសរំលេចថា «នេះបង្ហាញពីការគាំទ្រ និងកម្លាំងមហាសាមគ្គីរបស់កងទ័ពជួរក្រោយរបស់យើង។ យើងឃើញថា ក្រុមគ្រួសារប្រដាល់សកល និងមហាជន សុទ្ធតែបានចូលរួមគាំទ្រនូវមូលនិធិ និងជាវអាវ។ យើងមិនរំពឹងថា អាវយើងលក់អស់លឿនកម្រិតនេះទេ ។ នេះបង្ហាញថា ពួកគាត់មិនត្រឹមតែគាំទ្រប្រដាល់សកលទេ ពួកគាត់ក៏មានស្មារតី និងឆន្ទៈ ដើម្បីជួយជាតិ តាមរយៈការកៀគរជំនួយជួយដល់ពលរដ្ឋភៀសសឹក និងគាំទ្រដល់វីរៈកងទ័ពយើងផងដែរ»

ក្រឡេកទៅចាប់អារម្មណ៍លទ្ធផលការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះវិញ ក្រៅពីបណ្ដាក្លិបមួយចំនួន ដែលឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធ គឺមានក្លិបធំៗពីរ ឈ្នះមេដាយមាស ៤គ្រឿងស្មើគ្នា រួមមានក្លិបក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ។ ម្ចាស់មេដាយមាសទាំង ៤ របស់ក្រសួងការពារជាតិ រួមមានកីឡាករ សុផាត មេសា, សៅ រង្ស៊ី, វណ្ណា លីហ៊ាង និង ប្រុស សំណាង។ រីឯម្ចាស់មេដាយមាស ៤គ្រឿងរបស់ក្រសួងមហាផ្ទៃ មានកីឡាករ វី សម្ភស្ស, នា សុវណ្ណ, ពេញ វណ្ណថង និងកីឡាការិនី វី ស្រីស្រស់៕