Salah ប៉េណាល់ទីបានសម្រេច នាំអេហ្ស៊ីបដែលសល់តែ ១០នាក់ឡើងវគ្គ ១៦ក្រុម Afcon 2025
27-12-2025 10:00
(បរទេស)៖ ប្រធានក្រុម Mohamed Salah បានទាត់បាល់ពិន័យ ១១ម៉ែត្របានសម្រេចនៅចុងវគ្គទី១ ដ្បិតពួកគេនៅសល់សមាជិកតែ ១០នាក់ ដើម្បីផ្តួលគូប្រជែងអាហ្រ្វិកខាងត្បូង ១-០ ដើម្បីកក់កៅអីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ប្រចាំតំបន់អាហ្រ្វិក Africa Cup of Nations 2025 ដែលមានម៉ារ៉ុកធ្វើម្ចាស់ផ្ទះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា នេះជាគ្រាប់បាល់ចូលទីទី១៣ ផងដែរ ក្នុងចំណោម ១៧ប្រកួតចុងក្រោយរបស់ខ្សែប្រយុទ្ធដែលត្រូវបានជ្រើសរើសចេញពីក្លឹបអង់គ្លេស ហង្សក្រហម Liverpool។
នេះក៏ជាជ័យជម្នះលើកទី២ ជាប់គ្នាផងដែរសម្រាប់អេហ្ស៊ីប ប្រចាំពូល B ក្នុងការធានាកៅអីឡើងទៅវគ្គ ១៦ក្រុមមុនគេនៃ Afcon 2025 ក្នុងនាមអតីតជើងឯកពាន ២ឆ្នាំម្តងនេះ ចំនួន ៧សម័យកាលកន្លងមកក្នុងកីឡដ្ឋាន Stade d’Agadir កាលពីរាត្រីថ្ងៃសុក្រ។
ពួកគេត្រូវលេងបិទពូល B នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដោយអេហ្ស៊ីបត្រូវប្រឈមមុខនឹងអង់ហ្គូឡា នៅទីក្រុង Agadir ចំណែកឯអាហ្រ្វិកខាងត្បូង ត្រូវប៉ះហ្ស៊ីមបាវ៉េ ធ្វើឡើងនៅទីក្រុង Marrakesh នៃវគ្គសន្សំពិន្ទុតាមពូល ២៤ក្រុម។
ក្នុងជំនួបរវាងក្រុមដែលមានកៅអីលេង World Cup 2026 ដូចគ្នា អាហ្រ្វិខាងត្បូងត្រូវបានបដិសេធពីការផ្តល់បាល់ប៉េណាល់ទីពីការប៉ះដៃនៅនាទី៩០ នៅពេលអាជ្ញាកណ្តាលក្នុងទីលាន Pacifique Ndabihawenimana បានឆែកជាមួយជំនួយការរបស់លោករួចមក នៅពេលអេហ្ស៊ីបលេងតែសមាជិក ១០នាក់តាំងពីចុងវគ្គទី១ ដោយសារខ្សែការពារស្តាំ Mohamed Hany ទទួលបានកាតលឿងជាលើកទី២ ស្មើកាតក្រហម៕



