ម៉ាលី បង្អាក់ជ័យជម្នះម៉ារ៉ុក ប្រកួតទី២ ក្នុងពានប្រចាំតំបន់ AFCON តែម្ចាស់ផ្ទះអាចធានាឡើងវគ្គបន្ត

27-12-2025 10:04

(ម៉ារ៉ុក)៖ ក្រុមម្ចាស់ផ្ទះម៉ារ៉ុក នៅពេលនេះបានស្គាល់ការលេងស្មើជាបន្តទៀត ក្រោយក្រុមជម្រើសជាតិម៉ាលី បានវាយបកតាមស្មើ ១-១ ប្រកួតទី២ ក្នុងព្រឹត្តិការណ៍ Africa Cup of Nations កាលពីថ្ងៃសុក្រ ដោយបញ្ចប់កំណត់ត្រាលេងមិនចាញ់ជាប់គ្នា ៥លើករបស់ម៉ារ៉ុក វាគឺជាគ្រាប់បាល់ដំបូងដែលម៉ារ៉ុក បានរបូតក្នុងការប្រកួតអន្តរជាតិចំនួន ១១លើកចុងក្រោយរបស់ពួកគេ។

តាមរយៈលទ្ធផលនេះ សម្រាប់ក្រុមម្ចាស់ផ្ទះពានរង្វាន់ Africa Cup of Nations 2025 ម៉ារ៉ុក ក៏នៅតែស្ថិតក្នុងលក្ខខណ្ឌអាចធានាបានកៅអីឡើងវគ្គបន្ត ដោយកំពុងមាន ៤ពិន្ទុនាំមុខគេកំពូលតារាង ដោយនៅសល់តែ ១ប្រកួតប៉ះក្រុមហ្សាំប៊ី នៅរាត្រីថ្ងៃទី៣០ ខែធ្នូនេះ ។

ស្ថិតក្នុងការប្រកួតទី២ នេះ ខ្សែបម្រើ Brahim Diaz ដែលបានផ្លាស់ចេញពីជម្រើសជាតិអេស្ប៉ាញ មកកាន់ទឹកដីដើមកំណើតឪពុកនេះ បានស៊ុតបាល់ប៉េណាល់ទីនៅចុងម៉ោងបន្ថែមនៃតង់ទី១ ជាគ្រាប់បាល់នាំមុខរបស់ម៉ារ៉ុក ប៉ុន្តែក្រុមម៉ាលី ក៏បានតាមស្មើមកវិញ ក៏ជាការស៊ុតបាល់ពិន័យ ១១ម៉ែត្រដូចគ្នាដោយLassine Sinayoko លទ្ធផលនេះក៏បានរក្សាដល់ចប់ការប្រកួត ។

ជាមួយគ្នានេះ ក្រុមជម្រើសជាតិម៉ាលី និងហ្សាំប៊ី ក៏មានឱកាសឡើងវគ្គបន្ត ប្រសិនណាពួកគេអាចរកបានល្អណាមួយនៅប្រកួតចុងក្រោយ ខណៈកំពុងមាន ២ពិន្ទុស្មើគ្នា គ្រាដែលក្រុមកូមូរ៉ូស (Comoros) មានតែ ១ពិន្ទុប៉ណ្ណោះ ។

សូមជម្រាប់ផងថា នេះជាលើកទី២ របស់ប្រទេសម៉ារ៉ុក ដែលទទួលបានសិទ្ធិរៀបចំការប្រកួតពានរង្វាន់ប្រចាំទ្វីបអាហ្រ្វិក Africa Cup of Nations បន្ទាប់ពីលើកទី១ កាលឆ្នាំ១៩៨៨ ហើយជាលទ្ធផលក្រុមនេះធ្លាប់គ្រងជើងឯក ១លើកកាលឆ្នាំ១៩៧៦ ខណៈក្រៅពីជើងឯកប្រចាំតំបន់នេះពួកគេក៏មានកៅអីប្រជែងពាន FIFA World Cup 2026 ផងដែរ ។

ហើយក្រុមអាហ្ស៊ីប ក៏បានឈានទៅវគ្គ ១៦ក្រុមមុនគេក្នុងពាន AFCON 2025 បន្ទាប់ពីមាន ៦ពិន្ទុប្រចាំពូល C ក្រោយយកឈ្នះអាហ្វ្រិកខាងត្បូង ១-០ តែនៅសម្រេចយក ៩ពិន្ទុពេញ ជាមួយក្រុមអង់ហ្គោឡា ៕