រដ្ឋញូវយ៉ក បញ្ជាឲ្យបណ្តាញសង្គមបង្ហាញសារព្រមានអំពីសុខភាពផ្លូវចិត្ត ដល់អ្នកប្រើប្រាស់

27-12-2025 10:09

(បរទេ)៖ សហរដ្ឋអាមេរិក បានអនុម័តច្បាប់ថ្មីមួយ ដែលតម្រូវឲ្យគ្រប់បណ្តាញសង្គមទាំងអស់ បង្ហាញសារព្រមានអំពីផលប៉ះពាល់ដល់សុខភាពផ្លូវចិត្ត ជាពិសេសចំពោះកុមារនិងយុវជន។ ច្បាប់នេះ ត្រូវបានប្រកាសដោយអភិបាលរដ្ឋញូវយ៉ក គឺលោកស្រី Kathy Hochul ក្នុងគោលបំណងដោះស្រាយវិបត្តិសុខភាពផ្លូវចិត្ត ដែលកំពុងកើនឡើងក្នុងចំណោមយុវវ័យ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

យោងតាមច្បាប់ថ្មី បណ្តាញសង្គមដែលប្រើប្រាស់លក្ខណៈពិសេសដូចជា ការអូសមាតិកាមិនចប់ (infinite scrolling), ការចាក់វីដេអូស្វ័យប្រវត្តិ (autoplay) និង algorithm ជ្រើសរើសមាតិកា ត្រូវតែបង្ហាញសារព្រមានដល់អ្នកប្រើប្រាស់ អំពីហានិភ័យដែលអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្ត។
អភិបាលរដ្ឋលោកស្រី Hochul បានលើកឡើងថា ច្បាប់នេះមានគោលបំណងការពារយុវជនពីការប្រើប្រាស់បណ្តាញសង្គមហួសកម្រិត ដែលអាចនាំឲ្យកើតមានបញ្ហាដូចជា ភាពតានតឹង ការធ្លាក់ទឹកចិត្ត និងការញៀនបណ្តាញសង្គម។ លោកស្រី បានប្រៀបធៀបសារព្រមានទាំងនេះ ជាមួយស្លាកព្រមានសុខភាពលើផលិតផលដូចជា ស្រា និងបារី។

ក្រោមច្បាប់នេះ ប្រសិនបើក្រុមហ៊ុនបណ្តាញសង្គមមិនគោរពតាម នោះអគ្គរដ្ឋអាជ្ញារដ្ឋញូវយ៉ក អាចចាត់វិធានការផ្លូវច្បាប់ និងផាកពិន័យជាទឹកប្រាក់ដល់ ៥,០០០ ដុល្លារ ក្នុងមួយករណី។ ច្បាប់ថ្មីនេះ ត្រូវបានមើលឃើញថា ជាជំហានសំខាន់មួយក្នុងការដាក់សម្ពាធលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា TikTok, Meta, YouTube និង Snapchat ឲ្យទទួលខុសត្រូវកាន់តែច្រើន ចំពោះផលប៉ះពាល់នៃបណ្តាញសង្គមលើសុខភាពផ្លូវចិត្តរបស់អ្នកប្រើប្រាស់៕