Toyota ត្រៀមបំបែកកំណត់ត្រាថ្មី៖ គ្រោងផលិតរថយន្តឱ្យបានជាង ១០លានគ្រឿងនៅឆ្នាំ២០២៦

27-12-2025 10:56

(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តយក្សជប៉ុន Toyota បានបង្ហើបពីផែនការមហិច្ឆតាក្នុងការបង្កើនផលិតកម្មរថយន្តសកលឱ្យបានលើសពី ១០ លានគ្រឿង នៅក្នុងឆ្នាំ ២០២៦ ខាងមុខនេះ។ ការសម្រេចចិត្តពង្រីកផលិតកម្មដ៏ធំសម្បើមនេះ គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសន្ទុះនៃតម្រូវការរថយន្ត Hybrid ដែលកំពុងមានប្រជាប្រិយភាពខ្លាំង ជាពិសេសនៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

យោងតាមរបាយការណ៍ ផលិតកម្មរបស់ Toyota ក្នុងឆ្នាំ ២០២៥ បានបង្ហាញសញ្ញាវិជ្ជមានរួចជាស្រេចទៅហើយ ដោយក្នុងរយៈពេល ១១ ខែដំបូង ការផលិតបានកើនឡើងរហូតដល់ ៤,៩% (ស្មើនឹង ៩,១៨ លានគ្រឿង) បើធៀបនឹងឆ្នាំចាស់។ ក្រុមអ្នកផលិតគ្រឿងបង្គុំបានព្យាករណ៍ថា ចំនួនផលិតកម្មសរុបប្រចាំឆ្នាំនេះ នឹងអាចឈានទៅដល់កម្រិត ១០ លានគ្រឿង ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ឈានទៅសម្រេចគោលដៅធំជាងនេះនៅឆ្នាំបន្ទាប់។

ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Toyota បានបញ្ជាក់ថា ទោះបីជាក្រុមហ៊ុនមិនទាន់បញ្ចេញតួលេខផ្លូវការជាសាធារណៈក៏ដោយ ប៉ុន្តែក្រុមហ៊ុនបានចែករំលែកការប៉ាន់ស្មាននេះទៅកាន់ដៃគូផ្គត់ផ្គង់ ដើម្បីជួយឱ្យពួកគេ «រៀបចំផែនការផលិតកម្មឱ្យបានច្បាស់លាស់»។ សកម្មភាពនេះសបញ្ជាក់ឱ្យឃើញពីការត្រៀមខ្លួនរួចជាស្រេចរបស់ Toyota ក្នុងការរក្សាតំណែងជាក្រុមហ៊ុនរថយន្តឈានមុខគេក្នុងយុគសម័យរថយន្តអគ្គិសនីពាក់កណ្តាល (Hybrid) នេះ៕