កីឡាករតេន្នីសលេខ១០ ពិភពលោក Draper នឹងអវត្តមានពីកម្មវិធី Australian Open 2026 ដោយសាររបួសដៃ
27-12-2025 11:32
(បរទេស)៖ កីឡាករវាយកូនបាល់ទោលលំដាប់លេខ១ អង់គ្លេស Jack Draper នឹងខកខានប្រកួតកម្មវិធីធំ Australian Open 2026 ដោយសារតែមានបញ្ហារបួសដៃ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
កីឡាករអន្តរជាតិអង់គ្លេស វ័យ ២៤ឆ្នាំរូបនេះ ទើបតែលេងបាន ១ប្រកួតប៉ុណ្ណោះគិតចាប់តាំងពី Wimbledon នារដូវក្តៅនេះ ជាមួយនឹងក្តីរំពឹងថាអាចជាសះស្បើយទាន់ពេល ដើម្បីចូលរួមក្នុងកម្មវិធីកម្រិត Grand Slam លើកដំបូងនាដើមឆ្នាំ២០២៦ នៅទីក្រុង Melbourne ប្រទេសអូស្រ្តាលី។
ក៏ប៉ុន្តែនៅក្នុងវីដេអូរបស់ Draper ដែលបានបង្ហោះនៅលើបណ្តាញសង្គម X នោះបានបញ្ជាក់ថា «ជាសំណាងមិនល្អ ខ្ញុំ រួមទាំងក្រុមរបស់ខ្ញុំ បានសម្រេចចិត្តមិនចូលរួម Australian Open 2026 ឡើយ។ វាពិតជា...ការសម្រេចចិត្តដ៏លំបាកបំផុតមួយ»។
គួរបញ្ជាក់ផងថា Australian Open ដែលជាកម្មវិធីធំមួយ ក្នុងចំណោមកម្មវិធីធំទាំង៤ ដែលស្ថិតក្នុងកម្រិត Grand Slam នោះ នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ តទៅនៅឯទីលាន Melbourne Park ស្ថិតក្នុង ប្រទេស អូស្រ្តាលី។
នៅចាំបានថា កាលពីដើមខែធ្នូ ឆ្នាំ២០២៥ Draper ដែលឈរនៅលំដាប់លេខ១០ ពិភពលោកបច្ចុប្បន្ន ក៏បានដក ខ្លួនពីកម្មវិធី Ultimate Tennis Shodown (UTS) ដែលជាកម្មវិធីចុងក្រោយ មុនពេលបិទបញ្ចប់ឆ្នាំនេះ ក៏ព្រោះតែបញ្ហារបួសជាសះស្បើយមិនទាន់ពេលដែរ៕



