តំណាង NOCC នាំយកជំនួយមនុស្សធម៌ចលនាអូឡាំពិកអន្ដរជាតិ ប្រគល់ជូនរដ្ឋបាលខេត្តឧត្ដរមានជ័យ សម្រាប់ជួយជនភៀសសឹក
27-12-2025 12:01
(ភ្នំពេញ)៖ លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាប្រចាំការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) តំណាងលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC នៅព្រឹកថ្ងៃទី២៧ ខែធ្នូនេះ បានដឹកនាំក្រុមការងារ នាំយកជំនួយមនុស្សធម៌ចលនាអូឡាំពិកអន្ដរជាតិ ប្រគល់ជូនរដ្ឋបាលខេត្តឧត្តរមានជ័យ សម្រាប់ជួយដល់ជនភៀសសឹក ដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពានពីយោធាថៃ។
ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់ខាងលើ គឺទទួលបានពីមូលនិធិជនភៀសសឹកអូឡាំពិក ដែលគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) និងក្រុមប្រឹក្សាអូឡាំពិកអាស៊ី(OCA) បានផ្ដល់ជូនសម្រាប់ជួយជនភៀសសឹកកម្ពុជា បន្ទាប់ពីស្ថាប័នអូឡាំពិកដ៏មានសក្ដានុពលលើលោកនេះ បានពិនិត្យវិនិច្ឆ័យយ៉ាងសុក្រឹត្យ និងទទួលស្គាល់ថា ពលរដ្ឋកម្ពុជាពិតជារងគ្រោះក្នុងសង្គ្រាមឈ្លានពានដោយថៃ។
ថ្លែងក្នុងទទួលជំនួយកាលពីថ្មីៗ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា មូលនិធិជនភៀសសឹកអូឡាំពិកនេះ បង្កើតឡើងក្រោមការចុះអនុស្សារណៈយោគយល់គ្នារវាង IOC និងអង្គការសហប្រជាជាតិ(UN) សម្រាប់ជួយដល់ប្រទេសណា ដែលមានជនភៀសសឹក ដោយសារសង្គ្រាម ឬគ្រោះមហន្ដរាយផ្សេងៗ ប៉ុន្ដែជំនួយនេះ មិនចេះតែផ្ដល់ជូននោះទេ គឺត្រូវឆ្លងកាត់ការត្រួតពិនិត្យពិច្ឆ័យលើហេតុផលច្បាស់លាស់ណាស់ តួយ៉ាងកម្ពុជា ក្រោយមានជនភៀសសឹកយ៉ាងច្រើនបានរងគ្រោះ ដោយសារសង្គ្រាម និងការឈ្លានពានយ៉ាងពិតប្រាកដពីសត្រូវសៀម ទើប IOC សម្រេចផ្ដល់ជំនួយដ៏ច្រើនជួយដល់បងប្អូនជនភៀសសឹក តាមរយៈចលនាអូឡាំពិកកម្ពុជា។
លោកសង្កត់ធ្ងន់ថា «ជាស្មារតី អ្វីដែលយើងទទួលបាននូវអំណោយ ជាសប្បុរសធម៌ ក្នុងការជួយដល់ជនភៀសសឹកកម្ពុជាយើងនេះ ដោយសារគេមើលឃើញថា សង្គ្រាមដែលកើតឡើងដោយការរំលោភបំពានមួយ ដែលចលនាអូឡាំពិកលើពិភពលោក គេទទួលស្គាល់ថា យើង(កម្ពុជា)ជាជនរងគ្រោះ។ នេះគឺជាចំណុចសំខាន់ ដែលជាជំនួយស្មារតីមួយដល់ការផ្ដល់ជូននូវយុត្តិធម៌ដល់ជនភៀសសឹករបស់យើងថា យើងពិតរងគ្រោះដោយសារសង្គ្រាម ដោយសារការឈ្លានពានយ៉ាងពិតប្រាកដមែន»។
សម្រាប់ជំនួយមនុស្សធម៌របស់ចលនាអូឡាំពិកអន្ដរជាតិនេះដែរ រួមមានអង្ករ សៀវភៅ សម្ភារសិក្សា សម្ភារកីឡា ថ្នាំពេទ្យ និងសម្ភារប្រើប្រាស់ជាច្រើន ហើយក្រុមការងារ NOCC បានរៀបចំបែងចែកជា ២ ទីមួយសម្រាប់បរិច្ចាគជួយផ្ទាល់ដល់ជនភៀសសឹកនៅខេត្តឧត្ដរមានជ័យនៅថ្ងៃសៅរ៍នេ ហើយមួយផ្នែកទៀត អមថវិកា ៨លានរៀល នឹងបរិច្ចាគតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដែលជាស្ថាប័នតំណាងរាជរដ្ឋាភិបាល ក្នុងចលនាកីឡា។
ទន្ទឹមជាមួយការនាំយកអំណោយសប្បុរសធម៌ពី IOC និង OCA ប្រគល់ជូនរដ្ឋបាលខេត្តឧត្ដរមានជ័យនេះដែរ ក្នុងនាមប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក ប៊ុយ សុភ័ណ្ឌ ក៏បានពាំនាំនូវជំនួយ រួមមានគ្រឿងឧបភោគបរិភោគ និងថវិកា ដែលទទួលបានពីមូលនិធិប្រដាល់សកល និងការលក់អាវ កំឡុងការប្រកួតជើងឯកថ្នាក់ជាតិ កាលពីថ្មីៗ បរិច្ចាគជួយដល់ជនភៀសសឹក និងវីរកងទ័ពជួរមុខ តាមរយៈក្រុមការងារខេត្តឧត្ដរមានជ័យផងដែរ។
ជាចុងក្រោយក្នុងនាមចលនាអូឡាំពិកជាតិ ដែលដឹកនាំដោយលោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ IOC និង OCA ក៏ដូចជាចលនាអូឡាំពិកលើពិភពលោក ដែលបានផ្ដល់ជំនួយមកកម្ពុជា សម្រាប់រួមចំណែកជួយសម្រួលដល់ទុក្ខលំបាករបស់បងប្អូនជនភៀសសឹកកម្ពុជាផងដែរ៕











