ស្រាបៀហ្គ្រីត ត្រៀមនាំចេញទៅប្រទេសអូស្រ្តាលី

27-12-2025 13:21

(ភ្នំពេញ)៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ ដែលបានរៀបចំកាលនាព្រឹកថ្ងៃសុក្រ ៧កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥។

កិច្ចសហប្រតិបត្តិការនេះគឺជាជំហានថ្មីមួយ ឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ ដោយមោទនភាព របស់ក្រុមហ៊ុនឆេមពានគ្រុប ដែលជាក្រុមហ៊ុនកូនខ្មែរ ១០០%។

ក្នុងឱកាសនោះដែរ លោកស្រី អ្នកឧកញ៉ា សុខ សុភាព នាយិកា ក្រុមហ៊ុន ឆេមពានគ្រុប បានមានប្រសាសន៍ថា «ជំហានថ្មី នៃក្រុមហ៊ុន ឆេមពានគ្រុប ក្នុងពេលនេះគឺពិតជាមានគុណតម្លៃ ក្នុងការនាំយកផលិតផលកូនខ្មែរ ដែលមានគុណភាពខ្ពស់ស្របតាមស្តង់ដាអន្តរជាតិ ដោយធានាបាននូវទាំងរសជាតិ និងគុណភាពជាចម្បង ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនផលិតភាពនាំចេញផលិតផលខ្មែរទៅក្រៅប្រទេស នេះក៏ជាចំណែកមួយសំខាន់ ក្នុងកាពង្រីកវិសាលភាពសេដ្ឋកិច្ចជាតិផងដែរ។ នាងខ្ញុំបានបង្កើត ក្រុមហ៊ុន ឆេមពានគ្រុប នេះឡើង ដោយការយកចិត្តទុកដាក់បំផុត ក្នុងគោលបំណងរួមចំណែកក្នុងការបង្កើតការងារ ដល់ប្រជាជនកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែប្រសើរ និង ដើម្បីលើកស្ទួយផលិតផលក្នុងស្រុក ជាពិសេសនាំយកកេរ្តិ៍ឈ្មោះ ផលិតផលគុណភាពខ្ពស់របស់ប្រទេសកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។ នេះក៏ជាចក្ខុវិស័យ និងជាយុទ្ធសាស្រ្តរយៈពេលវែង របស់ក្រុមហ៊ុនឆេមពានគ្រុប ដែលយើងបានខិតខំប្រឹងប្រែង និងកំពុងឆ្ពោះទៅ»

លោកស្រី អ្នកឧកញ៉ា សុខ សុភាព បានបន្តថា «ឆ្លៀតក្នុងឱកាសថ្ងៃនេះផងដែរ នាងខ្ញុំសូមផ្តាំផ្ញើ និងលើកទឹកចិត្តដល់បងប្អូនខ្មែរ ទាំងក្នុងនិងក្រៅប្រទេស បន្តរួបរួមសាមគ្គី បង្ហាញបេះដូងសាមគ្គីជាតិខ្មែរតែមួយ។ ជាពិសេសបន្តទុកចិត្តលើប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេច តេជោ និងសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែតែងខិត្តខំប្រឹងប្រែងរក្សាស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជា និងអភិវឌ្ឍជាតិឥតឈប់ឈរ»

ជាមួយគ្នានោះដែរ កញ្ញា Teppy Chhoun នាយកប្រតិបតិ្ត ក្រុមហ៊ុន Khemera បានមានប្រសាសន៍ផងដែរថា «សម្រាប់ក្រុមហ៊ុន Khemera គឺផ្តោតសំខាន់លើការនាំចូលផលិតផលដែលមានគុណភាពខ្ពស់ ពីប្រទេសកម្ពុជាទៅលក់បន្ត នៅក្នុងទីផ្សារប្រទេសអូស្រ្តាលី ដែលអតិថិជនគោលដៅរបស់យើង មានទាំងបរទេស និងបងប្អូនខ្មែររស់នៅលើទឹកដី ប្រទេសអូស្រ្តាលីជាដើម។ គោលដៅរបស់ពួកយើងគឺចង់នាំយកផលិតផលគុណភាពខ្ពស់ដែលបង្កប់នូវវប្បធម៌ និង អរិយធម៌ជាស្នាដៃកូនខ្មែរទៅកាន់ទីផ្សារប្រទេសអូស្រ្តាលី។ ដោយឡែក ក្នុងថ្ងៃនេះយើងធ្វើការចុះកិច្ចព្រមព្រៀងជាផ្លូវការ ក្នុងការសហការនាំយកផលិតផល របស់ក្រុមហ៊ុន ឆេមពានគ្រុប ជាលើកដំបូងនេះយើងនឹងនាំយកស្រាបៀរ ហ្គ្រីត ដើម្បីចែកចាយនៅលើទីផ្សារប្រទេសអូស្ត្រាលី ដែលនឹងចាប់ផ្តើមយកទំនិញ ចេញពីរោងចក្រនៅថ្ងៃនេះតែម្តង»

គួបញ្ជាក់ថាក្រុមហ៊ុន ឆេមពាន គ្រុប គឺជាក្រុមហ៊ុនខ្មែរ ផលិតផលខ្មែរ ១០០% រួមមាន ស្រាបៀរហ្រ្គីត, ភេសជ្ជៈប៉ូវកម្លាំងហ្រ្គីត, ភេសជ្ជ:ប៉ូវកម្លាំង ឆេមពានអាយស៍, ឆេមពានហ្រ្គីន និង ថប់អាប់។

ខ្មែរគាំទ្រផលិតផលខ្មែរ យើងសង្ឃឹមថាបងប្អូនខ្មែរទាំងងអស់នឹងបន្តគាំទ្រផលិតផលខ្មែរ របស់ក្រុមហ៊ុន ឆេមពានគ្រុប ដើម្បីប្រទេសយើង ប្រជាជនខ្មែរយើង រីកចម្រើនទាំងអស់គ្នា៕