នីហ្សេរីយ៉ា ចូលរួមជាមួយអេហ្ស៊ីប ក្នុងការឆ្លងទៅវគ្គ ១៦ក្រុម Afcon 2025 ក្រោយឈ្នះទុយនេស៊ី

28-12-2025 10:06

(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិនីហ្សេរីយ៉ា បានផ្តួលទុយនេស៊ី ៣-២ កាលពីរាត្រីថ្ងៃសៅរ៍ ដើម្បីឆ្លងចូលវគ្គ ១៦ក្រុមពានរង្វាន់ប្រចាំទ្វីបអាហ្រ្វិក Africa Cup of Nations 2025 ជាមួយនឹងអេហ្ស៊ីបដែរ ដោយមានម៉ារ៉ុកធ្វើម្ចាស់ផ្ទះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា តាមរយៈជ័យជម្នះជាលើកទី២ ប្រចាំពូល C នាំឱ្យក្រុមឥន្រ្ទីកំណាចប្រចាំអាហ្វ្រិក នីហ្សេរីយ៉ា រកបាន ៦ពិន្ទុពេញឈរកំពូលតារាងដូចទៅនឹងអេហ្ស៊ីបរបស់ខ្សែប្រយុទ្ធ Mohamed Salah ដែលឈរលេខ១ ក្នុងពូល B ដែរ។

៣គ្រាប់របស់នីហ្សេរីយ៉ា អតីតជើងឯកអាហ្រ្វិក Afcon ៣សម័យកាលផងនោះ ធ្វើបានដោយកីឡាករលេងនៅក្លឹបល្បីៗមកពីអឺរ៉ុបពោលគឺ Victor Osimhen, Wilfred Ndidi និង Ademola Lookman មុនពេលទុយនេស៊ីដែលមានកៅអីលេង World Cup ឆ្នាំក្រោយ វាយបកបាន ២គ្រាប់វិញនៅនាទី៧៤ និង ៨៧។

នីហ្សេរីយ៉ា ត្រូវលេងបិទពូល C ទល់នឹងអ៊ុយកាន់ដា នារាត្រីថ្ងៃអង្គារសប្តាហ៍ក្រោយនៅទីក្រុង Fes ម៉ោងដំណាលគ្នាទុយនេស៊ី ជួបតង់ហ្សានីនៅទីក្រុង Rabat ប្រទេសម៉ារ៉ុក ពីការប្រកួតប្រជែងយកកៅអីឡើងទៅវគ្គចាញ់-ធ្លាក់ ជាបន្តទៀត ខណៈក្រុមលេខ១ និងលេខ២ ឡើងស្វ័យប្រវត្តិ ដ្បិតក្រុមលេខ៣ ល្អ ចំនួន ៤ក្រុមក៏ត្រូវបានជ្រើសរើស ដើម្បីបង្រ្គប់វគ្គ ១៦ក្រុមផងដែរ៕