ជើងខ្លាំងជប៉ុន Inoue ហាក់ខកចិត្ត ទោះបីផ្តួល Picasso ដោយពិន្ទុឯកច្ឆន្ទក្តី
28-12-2025 11:14
(រីយ៉ាដ)៖ កីឡាករប្រដាល់សកលជប៉ុន Naoya Inoue ប្រៀបបីដូចមិនសូវសប្បាយចំពោះជ័យជម្នះដែលបានផ្តួលគូប្រជែង Alan Picasso Romero ដោយពិន្ទុឯកច្ឆន្ទក្តី នៅឯទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីរាត្រីថ្ងៃសៅរ៍។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Picasso វ័យ ២៥ឆ្នាំ ពុំអាចទប់ជាប់នូវល្បឿនលឿន និងរាងកាយដ៏រឹងមាំ របស់កីឡាករវ័យ ៣២ឆ្នាំ Inoue បានឡើយ ក្រោយពីតស៊ូអស់ចំនួន ១២ពេញក៏ដោយ ជាមួយនឹងពិន្ទុចាញ់ដាច់តែម្តងរួមមាន ១១៩-១០៩ ១២០-១០៨ និង ១១៧-១១១។
ទោះជាបែបនេះក្តី Inoue នៅតែមានអារម្មណ៍ខកចិត្តពីប្រកួតនេះដដែល ដោយលោកបានថ្លែងថា «ទម្រង់ប្រកួតរបស់ខ្ញុំនារាត្រីនេះ នៅមិនទាន់ល្អគ្រប់គ្រាន់នោះទេ។ មែនទែនទៅ ខ្ញុំគួរតែធ្វើបានល្អជាងនេះទៀត»។
ឆ្លងតាមជ័យជម្នះនេះដែរ បានញាំងឱ្យ Inoue ដែលមានរហស្សនាម «The Monster» បង្កើនកំណត់ត្រាឈ្នះដល់ទៅ ៣២លើក ដោយក្នុងនោះដែរធ្លាប់ផ្តួលដៃគូសន្លប់លើសង្វៀនបាន ២៧លើកទៀតផង។ សម្រាប់ឆ្នាំ២០២៦ ខាងមុខរូបគេមានឱកាសខ្ពស់ក្នុងការជួបប្រកួតទល់នឹង Junto Nakatani៕





