Chelsea ស៊ើបអង្កេត ករណីដបទឹកហោះគប់សំដៅកន្លែងអង្គុយក្រុម Aston Villa
29-12-2025 10:10
(បរទេស)៖ ក្លឹបបាល់ទាត់ Chelsea បានកំពុងស៊ើបអង្កេត ក្រោយពេលដបទឹកសុទ្ធត្រូវបានគប់សំដៅតំបន់កៅអីអង្គុយរបស់ក្រុមភ្ញៀវ Aston Villa ក្នុងជំនួបដែលតោខៀវមួយនេះបានរងបរាជ័យ ២-១ នៅកីឡដ្ឋាន Stamford Bridge ក្នុងក្របខណ្ឌ Premier League កាលពីរាត្រីថ្ងៃសៅរ៍។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រោយបញ្ចែបញ្ចប់ការប្រកួតពេញម៉ោង មានដបទឹកផ្លាស្ទិចមួយត្រូវបានគប់សំដៅការអបអរជ័យជម្នះរបស់ Aston Villa ដែលបានប៉ះចំមន្រ្តីកីឡា និងកីឡាករថែមទៀតផង។
ដោយជាដំបូងឡើយ សមាជិកមន្រ្តីកីឡាមួយរូបបានកំណត់គោលដៅដបទឹកនោះត្រូវបានគប់ចេញពីតំបន់កៅអីអង្គុយខាងក្រុម Chelsea។
ទោះជាបែបនេះក្តី នៅមិនទាន់មានក្រុមណាមួយចេញមកទទួលខុសត្រូវឡើយ ស្របពេល Chelsea ក៏បានចេញប្រតិបត្តិការស៊ើបអង្កេត ដោយមិនចំពោះតែករណីនេះឡើយ។
ក្នុងជំនួបនៅ Premier League សប្តាហ៍ទី១៨ ជើងទី១ នោះដែរ ក្រុមរបស់លោក Unai Emery បានបន្ថែម ៣ពិន្ទុក្រៅផ្ទះ ដែលជាជ័យជម្នះលើកទី១១ ជាប់ៗគ្នារបស់ពួកគេគ្រប់កម្មវិធី ពីការធ្វើបានដោយកីឡាករបម្រុង Ollie Watkins ទាំង ២គ្រាប់វាយបកតែម្តង ក្រោយពេល Joao Pedro ជាអ្នករកបានគ្រាប់នាំមុខសម្រាប់តោខៀវតាំងពីវគ្គទី១ មក។
៣ពិន្ទុដ៏សំខាន់នេះដែរ បានញាំងឱ្យ Aston ឡើងទៅកាន់លេខ៣ ក្នុងតារាងជាបណ្តោះអាសន្នជាមួយនឹង ៣៩ពិន្ទុ ចាញ់ប្រៀបក្រុមកំពូលតារាង កាំភ្លើងធំ Arsenal ត្រឹមតែ ៣ពិន្ទុប៉ុណ្ណោះ និងដាច់ ១ពិន្ទុផងដែរពីក្រុមលេខ២ Manchester City៕



