ផ្ទេចេញពី Chelsea ៥ខែ ខ្សែបម្រើប្រយុទ្ធ Nkunku ស្ថិតក្នុងជម្រើសល្អអាចស៊ុត ២គ្រាប់ជួយក្លឹបបន្តឈ្នះក្នុងលីគ

29-12-2025 10:40

(អ៉ីតាលី)៖ កីឡាករខ្សែបម្រើប្រយុទ្ធអន្តរជាតិបារាំង Christopher Nkunku ពេលនេះអាចរកបានគ្រាប់ស៊ុតបញ្ចូលទីបានហើយ ក្នុងលីគអ៉ីតាលី Serie A រដូវកាលនេះ ក្រោយចាកចេញពីក្លឹប Chelsea អស់រយៈពេលជាង ៥ខែមកនេះ ដែលរូបគេរកបាន ២គ្រាប់ជួយក្រុម AC Milan យកឈ្នះ Verona ៣-០ ក្នុងលីគ ។

Christopher Nkunku ក៏ទើបបានលេង ១២ប្រកួតប៉ុណ្ណោះ និងការរកបាន ៣គ្រាប់ជាមួយក្លឹប AC Milan គិតចាប់តាំងពីផ្ទេរចេញពីក្លឹប Chelsea កាលពីខែសីហា ឆ្នាំ២០២៥ ដែលមានកិច្ចសន្យា ៥ឆ្នាំក្នុងរង្វង់ទឹកប្រាក់ត្រូវបានរបាយការណ៍បង្ហាញនៅចន្លោះ ៤២លានអឺរ៉ូ ក្រោយមានតម្លៃ ៥២លានផោនកាលពីចូលតោខៀវ ពីក្លឹប RB Leipzig កាលឆ្នាំ២០២៣ ។

តាមរយៈលទ្ធផលនេះ បាននាំក្រុមកំពុងស្ថិតក្នុងការដឹកនាំដោយលោក Massimiliano Allegri បន្តឱកាសឈរលេខ២ ជាបន្តក្នុងតារាងលីគដោយមាន ៣៥ពិន្ទុបពណ្តោះអាសន្ន ចាញ់ ១ពិន្ទុពីក្រុម Inter Milan ឈរកំពូលតារាង និងក្រុម Napoli ឈរលេខ២ ប្រដេញពីក្រោយ ៣៤ពិន្ទុ ។

២គ្រាប់របស់ Christopher Nkunku គឺធ្វើបាននៅនាទី៤៨ ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ និងនៅនាទី៥៣ ក្រោយពេលមិត្តរួមក្រុម Pulisic យកបាននៅចុងតង់ទី១ នាទី៤៥+1 ហើយស្ថិតក្នុងប្រកួតនេះលោក Massimiliano Allegri ក៏បានផ្តល់ឱកាសកីឡាករវ័យ ១៩ឆ្នាំ David Odogu ចូលលេងផងដែរ ។

ប្រកួតបន្ទាប់ម្ចាស់ពាន ១៩សម័យនៃលីគអ៉ឺតាលី Serie A ក្រុម AC Milan នឹងបន្តប៉ះក្រុម Cagliari ក្នុងការប្រជែងពានលីគ ដ្បិតឈ្នះពាននេះចុងក្រោយកាលពីរដូវកាល២០២១-២២ ៕