ក្រុមហ៊ុន Coupang ប្រកាសសងសំណងជា ១ ពាន់លានដុល្លារ ដល់អ្នកប្រើប្រាស់កូរ៉េខាងត្បូង ក្រោយធ្លាយទិន្នន័យ
29-12-2025 11:17
(បរទេស)៖ ក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកខ្នាតយក្សរបស់កូរ៉េខាងត្បូង Coupang បានប្រកាសផ្ដល់សំណងជាទឹកប្រាក់សរុបប្រមាណ ១.១៨ ពាន់លានដុល្លារ (ប្រហែល ១.៦៩ ទ្រីលានវ៉ុន) ដល់អ្នកប្រើប្រាស់ចំនួន ៣៣.៧ លាននាក់ ក្នុងទម្រង់ជាប័ណ្ណទូទាត់ (Vouchers) តម្លៃ ៥០,០០០ វ៉ុន ក្នុងម្នាក់ៗ។ ការសម្រេចចិត្តនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងរលកនៃការរិះគន់យ៉ាងចាស់ដៃពីសំណាក់សាធារណជន និងសមាជិកសភា បន្ទាប់ពីមានការធ្លាយទិន្នន័យឯកជនដ៏ធំសម្បើមមិនធ្លាប់មាន។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥។
ការប្រកាសនេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីលោក Kim Bom ដែលជាស្ថាបនិកក្រុមហ៊ុន បានចេញមុខសុំទោសជាសាធារណៈជាលើកដំបូងចំពោះកំហុសឆ្គងនេះ។ ក្នុងសេចក្តីថ្លែងការណ៍នោះ លោកបានបញ្ជាក់ថា ខ្លួននឹង «ពន្លឿនវិធានការសងសំណង» ឱ្យបានលឿនបំផុត ដើម្បីស្តារទំនុកចិត្តអតិថិជនឡើងវិញ បន្ទាប់ពីការរំលោភបំពានទិន្នន័យបានបង្កការព្រួយបារម្ភពាសពេញប្រទេស។
ទោះជាយ៉ាងណា ភាពចម្រូងចម្រាសនៅតែបន្តកើតមាន ខណៈដែលលោក Kim Bom បានបដិសេធមិនចូលរួមក្នុងសវនាការរបស់សភាដែលនឹងត្រូវធ្វើឡើងក្នុងសប្តាហ៍នេះទេ។ លោកបានបញ្ជាក់ពីមូលហេតុនៃការអវត្តមាននេះថា ដោយសារ «មានភារកិច្ចមមាញឹកដែលបានគ្រោងទុកជាមុន» ដែលការបដិសេធនេះកំពុងរងការរិះគន់បន្ថែមពីសំណាក់អ្នកនយោបាយកូរ៉េខាងត្បូង៕











