កីឡាករ-កីឡាការិនីហាប់គីដូ ២៥នាក់ ត្រូវបានដំឡើងកម្រិតខ្សែក្រវាត់លើកទឹកចិត្តដល់ការខំប្រឹងហ្វឹកហាត់កន្លះឆ្នាំ

29-12-2025 11:40

(ភ្នំពេញ)៖ សហព័ន្ធខ្មែរកីឡាហាប់គីដូ បានធ្វើពិធីប្រគល់លិខិតបញ្ជាក់ វិញ្ញាបនបត្រ និងសញ្ញាបត្រ សម្រាប់ម្ចាស់ខ្សែក្រវាត់ចំនួន ៣ពណ៌ដល់កីឡាករ-កីឡាការិនីរបស់ខ្លួន ២៥រូប បន្ទាប់ពីការខិតខំប្រឹងប្រែងហ្វឹកហាត់អស់រយៈពេលកន្លះឆ្នាំ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២៥ នេះ។

លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធ កម្រិតខ្សែក្រវាត់ ដែលត្រូវបានដំឡើងជូនកីឡាករ-កីឡាការិនីរបស់ខ្លួន រួមមានកម្រិតខ្សែក្រវាត់បៃតង ទទួលបានលិខិតបញ្ជាក់ , ខ្សែក្រវាត់ត្នោត ទទួលបាន វិញ្ញាបនបត្រ និង ខ្សែក្រវាត់ខ្មៅទទួលបានសញ្ញាបត្រ។ ការផ្ដល់ជូននេះ ក្រោយឆ្លងកាត់ការវាយតម្លៃ លើការខិតខំប្រឹងប្រែងហ្វឹកហាត់រយៈពេល ៦ខែរបស់កីឡាករ-កីឡាការិនីម្នាក់ៗ ខណៈក្រោយចប់ការហ្វឹកហាត់ពេញ ១ឆ្នាំ សហព័ន្ធនឹងវាយតម្លៃដំឡើងកម្រិតខ្សែក្រវាត់ម្ដងទៀត។

សូមបញ្ជាក់ កីឡាករ-កីឡាការិនី ដែលទទួលបានលិខិតបញ្ជាក់ខាងលើ សម្រាប់ខ្សែក្រវាត់បៃតង មានកីឡាករ ៣នាក់ កីឡាការិនី ៣នាក់ សរុប ៦ នាក់។ វិញ្ញាបនបត្រ ខ្សែក្រវាត់ត្នោត មានកីឡាករ ៨ នាក់ កីឡាការិនី ២នាក់ សរុប១០នាក់ និងសញ្ញាបត្រខ្សែក្រវាត់ខ្មៅ មានកីឡាករ ៤ នាក់ និងកីឡាការិនី ៥ នាក់ សរុប ៩នាក់៕