Ronaldo នឹងមិនចូលនិវត្តន៍ឡើយ បើរកមិនទាន់បាន ១,០០០គ្រាប់ទេនោះ
29-12-2025 15:30
(បរទេស)៖ កីឡាករបាល់ទាត់ Cristiano Ronaldo បានចេញមកបញ្ជាក់ច្បាស់ៗថា គាត់នឹងមិនចូលនិវត្តន៍នោះទេ ដរាបណារកមិនទាន់បាន ១,០០០គ្រាប់។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ខ្សែប្រយុទ្ធវ័យជ្រេ អាយុជាង ៤០ឆ្នាំរូបនេះ ស៊ុតបាន ២គ្រាប់ផងដែរពេលក្លឹប Al Nassr បំបាក់គូប្រជែង Al Akhdoud ៣-០ កាលពីថ្ងៃសៅរ៍ ដែលធ្វើឱ្យប្រធានក្រុមជម្រើសជាតិបច្ចខែលព័រទុយហ្គាល់រូបនេះកើនបាន ៩៥៦គ្រាប់ សម្រាប់ក្លឹប និងជម្រើសជាតិ។
Ronaldo ដែលបានចូលរួមជាមួយ Al Nassr ដោយគ្មានតម្លៃផ្ទេរកាលឆ្នាំ២០២២ និងបន្តកិច្ចសន្យាថ្មី ២ឆ្នាំទៀត ជាមួយក្រុមលេងនៅក្របខណ្ឌលីគកំពូលរបស់អារ៉ាប៊ីសាអូឌីតកាលខែកក្កដា ឆ្នាំ២០២៥ នាំឱ្យលោកបន្តលេងបាល់រហូតដល់វ័យ ៤២ឆ្នាំ។
Ronaldo បានថ្លែងក្នុងកិច្ចសម្ភាសន៍នាអំឡុងចូលរួមក្នុងកម្មវិធី The Best Middle East Player at the Globe Soccer Awards កាលពីថ្ងៃអាទិត្យម្សិលមិញថា «វាពិតជាលំបាក ក្នុងការបន្តលេងបាល់ ក៏ប៉ុន្តែខ្ញុំនឹងព្យាយាម»។
លោកថា «តើអ្នកដឹងពីគោលដៅរបស់ខ្ញុំទេ? ខ្ញុំចង់ឈ្នះពានជាច្រើនបន្ថែមទៀត និងចង់រកឱ្យបាន ១,០០០គ្រាប់ទៀតផង។ ខ្ញុំនឹងទៅដល់គោលដៅយ៉ាងពិតប្រាកដ ប្រសិនបើខ្ញុំគ្មានបញ្ហារបួសនោះ»។
ទោះជាបែបនេះក្តី តាំងពីមានវត្តមានម្ចាស់កំណត់ត្រាស៊ុតបាន ១១២គ្រាប់ ពីការចូលលេងបាន ១២៥ប្រកួតជាមួយជម្រើសជាតិរូបនេះមក Al Nassr ទើបតែឈ្នះពាន Arab Club Champions Cup នាឆ្នាំ២០២៣ បានម្តងប៉ុណ្ណោះ៕



