Amazon ប្រកាសលុបចោលគម្រោងដឹកជញ្ជូនទំនិញតាមដ្រូន (Drone) នៅប្រទេសអ៊ីតាលី
29-12-2025 16:27
(បរទេស)៖ ក្រុមហ៊ុនពាណិជ្ជកម្មខ្នាតយក្សរបស់អាមេរិក Amazon បានប្រកាសនៅថ្ងៃអាទិត្យនេះថា ខ្លួនបានសម្រេចចិត្តបញ្ឈប់គម្រោងដឹកជញ្ជូនទំនិញតាមរយៈដ្រូននៅក្នុងប្រទេសអ៊ីតាលី ទោះបីជាធ្លាប់ទទួលបានលទ្ធផលជោគជ័យក្នុងការធ្វើតេស្តសាកល្បងកាលពីឆ្នាំមុនក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។
នៅក្នុងសេចក្តីថ្លែងការណ៍ផ្ញើទៅកាន់ Reuters ក្រុមហ៊ុន Amazon បានបញ្ជាក់ថា៖ «បន្ទាប់ពីការត្រួតពិនិត្យជាយុទ្ធសាស្ត្រ យើងបានសម្រេចចិត្តបញ្ឈប់ផែនការដឹកជញ្ជូនតាមដ្រូនជាលក្ខណៈពាណិជ្ជកម្មនៅក្នុងប្រទេសអ៊ីតាលី»។ ក្រុមហ៊ុនបានបន្ថែមថា ទោះបីជាមានកិច្ចសហការល្អជាមួយអាជ្ញាធរអាកាសចរណ៍ក៏ដោយ ប៉ុន្តែ «ក្របខណ្ឌបទប្បញ្ញត្តិធុរកិច្ចទូទៅនៅក្នុងប្រទេសនេះ មិនទាន់មានភាពអំណោយផលដល់គោលដៅរយៈពេលវែងរបស់ក្រុមហ៊ុនសម្រាប់កម្មវិធីនេះឡើយ»។
ដោយឡែក អាជ្ញាធរអាកាសចរណ៍ស៊ីវិលអ៊ីតាលី (ENAC) បានបង្ហាញការភ្ញាក់ផ្អើលចំពោះការសម្រេចចិត្តភ្លាមៗនេះ ដោយបានកត់សម្គាល់ថា វាអាចជាប់ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍ហិរញ្ញវត្ថុថ្មីៗដែលប៉ះពាល់ដល់ក្រុមហ៊ុនមេ»។ គួររំលឹកផងដែរថា កាលពីខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ Amazon ទើបតែបានប្រកាសពីជោគជ័យនៃការធ្វើតេស្តដ្រូនលើកដំបូងនៅក្នុងទីក្រុង San Salvo ភាគកណ្តាលនៃប្រទេសអ៊ីតាលី ប៉ុន្តែនៅទីបំផុតគម្រោងនេះត្រូវបង្ខំចិត្តបិទបញ្ចប់ទៅវិញ៕














