AFCON 2025 ម្ចាស់ផ្ទះម៉ារ៉ុក ឡើងវគ្គ ១៦ក្រុម ខណៈអេហ្ស៊ីប បញ្ចប់វគ្គចែកពូលស្មើអង់ហ្គូឡា

30-12-2025 10:07

(អាហ្វ្រិក)៖ ពេលនេះការប្រកួតដណ្តើមពានរង្វាន់អាហ្វ្រិក Africa Cup of Nations 2025 ក្រុមម្ចាស់ផ្ទះម៉ារ៉ុក បានឈានដល់វគ្គ ១៦ក្រុមជាបន្តហើយ បន្ទាប់ពីរកបានលទ្ធផលឈ្នះក្រុមហ្សាំប៊ី ៣-០ ខណៈពេលនេះវគ្គ ១៦ក្រុមរកបាន ៦ក្រុមហើយ ។

៦ក្រុមផ្លូវការទៀត នឹងរកឃើញបន្ថែមក្រោយការប្រកួតបញ្ចប់វគ្គចែកពូល បូករួមជាមួយក្រុមឈរលេខ៣ ល្អ ៤ក្រុមទៀត ខណៈពូល A,B បានបញ្ចប់ការប្រកួតរួចហើយ រកបាន ៤ក្រុមឡើងវគ្គ ១៦ក្រុមដោយមានម្ចាស់ផ្ទះម៉ារ៉ុក ម៉ាលី ចេញពីពូល A និងក្រុមម្ចាស់ផ្ទះច្រើនជាងគេអេហ្ស៊ីប និងអាហ្វ្រិកខាងត្បូង ចេញពីពូល B ។

ដ្បិតក្រុមនីហ្សេរីយ៉ា និងអាល់ហ្សេរី ក៏បានកៅអីឡើងវគ្គបន្តនេះរួចហើយ ក្រោយពីរកបាន ៦ពិន្ទុដូចគ្នាចេញពីពូល C,E ដោយត្រូវលេងបង្គ្រប់កិច្ចក្នុងប្រកួតទី៣ ប៉ុណ្ណោះ ខណៈក្រុម ២នេះក៏នឹងអាចប៉ះគ្នានៅវគ្គ ៨ក្រុម ប្រសិកពួកគេយកឈ្នះគូប្រកួតនៅវគ្គ ១៦ក្រុមនោះ ។

សូមជម្រាបផងថា ជម្រើសជាតិកូឌីវ័រ ដែលជាជើងឯកឆ្នាំ២០២៣ បច្ចុប្បន្នកំពុងមាន ៤ពិន្ទុស្មើជាមួយកាំមេរ៉ុន និងក្រុមម៉ូសំប៊ិក ឈរលេខ៣ មាន ៣ពិន្ទុក្នុងពូល F ខណៈពូល D ក្រុមសេណេហ្គាល់ និងកុងហ្គោ ក៏មាន ៤ពិន្ទុស្មើគ្នា ជាពូលប្រទាញប្រទងគ្នាខ្លាំងក្នុងលំដាប់ពិន្ទុយកកៅអីឡើងវគ្គ ១៦ក្រុម ៕