៦ក្រុម កក់កៅអីវគ្គ ១៦ក្រុមនៃពាន Afcon 2025 ស្របពេល ៤ក្រុមល្អ ចាំអ៊ុតលទ្ធផល

30-12-2025 10:32

(បរទេស)៖ ក្រោយដំណើរការប្រកួតជើងឯកប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations 2025 ដែលមានម៉ារ៉ុកធ្វើម្ចាស់ផ្ទះតាំងពីថ្ងៃទី១៨ ខែធ្នូមក រកឃើញ ៦ក្រុមហើយដែលបានធានាកៅអីឡើងវគ្គ ១៦ក្រុម គ្រាដែលលេខ៣ ល្អចំនួន ៤ក្រុម ក៏នឹងត្រូវជ្រើសរើស ដើម្បីបំពេញវគ្គចាញ់-ធ្លាក់ទៀតដែរ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការលេងសន្សំពិន្ទុតាមពូល A-F ដោយមាន ២៤ក្រុម (ប្រទេស) នៃពានរង្វាន់ ២ឆ្នាំម្តងលើកទី៣៥ មានតែ ២ពូលប៉ុណ្ណោះ ពោលគឺពូល A និងពូល B បានបញ្ចប់ជាស្ថាពរហើយ ដោយមានម្ចាស់ផ្ទះម៉ារ៉ុក ក្រុមដែលបានឡើងដល់វគ្គ ៤ក្រុមចុងក្រោយ World Cup 2022 ឆ្លងចូលវគ្គ ១៦ក្រុម ក្រោយបំបាក់ហ្ស៊ំប៊ី ៣-០ ស្របពេលម៉ាលី ដែលមានតែ ៣ពិន្ទុឈរលេខ២ ក៏បានឡើងវគ្គបន្តផងដែរ។

ចំណែកឯ ៣ប្រកួតប្រចាំពូល B វិញ អេហ្ស៊ីប និងអាហ្រ្វិកខាងត្បូង ក៏បានឆ្លងចូលវគ្គ ១៦ក្រុមផងដែរ ក្រោយពេលលេងបិទពូលកាលពីថ្ងៃទី២៩ ខែធ្នូ ដ្បិតក្រុមរបស់ Mohamed Salah រក្សាកំណត់ត្រាមិនចាញ់ដូចម្ចាស់ផ្ទះម៉ារ៉ុក ដែលមាន Achraf Hakimi ដែរ តាមពីក្រោយដោយអាហ្រ្វិកខាងត្បូង ដោយធ្វើបានជ័យជម្នះ ២លើក និងចាញ់ ១លើក។

ជាមួយគ្នានោះ នីហ្សេរីយ៉ា ដែលស្ថិតលេខ១ ពូល C និងអាល់ហ្សេរី លេខ១ ពូល E ក៏បានកក់កៅអីវគ្គ ១/៨ ដូចគ្នា បើទោះបីជានៅសល់ ១ប្រកួតបង្រ្គប់កិច្ចក៏ដោយ ដោយសារពួកគេដណ្តើមបានជ័យជម្នះ ២លើកជាប់ៗគ្នារួចមក ហើយម៉ូហ្សំប៊ិ កាមេរូន និងម្ចាស់ការពារតំណែងជើងឯក កូដឌីវ័រ បានកំពុងប្រទាញប្រទង់គ្នាខ្លាំងនៃពូល F ដោយមាន ៣-៤ពិន្ទុប្រកៀកប្រកិតគ្នា មុនពេលលេងបិទពូលនាថ្ងៃទី៣១ ខែធ្នូស្អែកនេះ។

ម៉ូហ្សំប៊ិ បេនីន ស៊ូដង់ អង់ហ្គូឡា កូម៉ូរូស និងតង់ហ្សានី ដែលស្ថិតនៅលេខ៣ ដូចគ្នានោះ បានកំពុងចាំអ៊ុតលទ្ធផលបិទបញ្ចប់គ្រប់ពូល ដើម្បីផ្ទៀងផ្ទាត់ក្រុមលេខ៣ ល្អចំនួន ៤ក្រុម ក្នុងការជ្រើសរើសទៅបំពេញវគ្គ ១៦ក្រុមបន្តទៀត៕