Nvidia ចាយលុយ ៥ពាន់លានដុល្លារ ទិញភាគហ៊ុន Intel ក្នុងកិច្ចព្រមព្រៀងមួយនៅកញ្ញា

30-12-2025 10:49

(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស Nvidia បានទិញភាគហ៊ុនរបស់ក្រុមហ៊ុន Intel ដែលគិតជាទឹកប្រាក់ប្រមាណ ៥ពាន់លានដុល្លារ។ ការទិញនេះ គឺធ្វើឡើងក្រោមកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខាកាលពីខែកញ្ញាកន្លងទៅ ហើយនេះជាជំហានមួយ ត្រូវបានគេចាត់ទុកថា ជាការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងឧស្សាហកម្មបន្ទះឈីបសកល។

យោងតាមឯកសារផ្លូវការបានឲ្យដឹងថា ក្រុមហ៊ុន Nvidia បានទិញភាគហ៊ុន Intel ជាង ២១៤លានភាគហ៊ុន តាមរយៈការលក់ឯកជន (private placement) ក្នុងតម្លៃប្រហែល ២៣.២៨ ដុល្លារ ក្នុងមួយភាគហ៊ុន ដោយបញ្ចប់ប្រតិបត្តិការនេះនៅចុងខែធ្នូ។ ការវិនិយោគនេះត្ រូវបានមើលឃើញថា ជាជំនួយហិរញ្ញវត្ថុដ៏សំខាន់សម្រាប់ Intel ដែលកំពុងប្រឈមមុខនឹងបញ្ហានៃការប្រកួតប្រជែងខ្លាំង, ការចំណាយដ៏ច្រើនលើរោងចក្រផលិត និងការកែសម្រួលយុទ្ធសាស្ត្រអាជីវកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រោមកិច្ចព្រមព្រៀងនេះ Nvidia និង Intel ក៏មានគម្រោងសហការគ្នាក្នុងការអភិវឌ្ឍបន្ទះឈីបផ្ទាល់ខ្លួន សម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងមជ្ឈមណ្ឌលទិន្នន័យ (data centers) ដោយបញ្ចូលសមត្ថភាព GPU របស់ Nvidia ជាមួយស្ថាបត្យកម្ម CPU របស់ Intel។

អ្នកវិភាគឧស្សាហកម្មបានលើកឡើងថា កិច្ចសហការនេះអាចជួយពង្រឹងទីតាំងរបស់ Nvidia ក្នុងទីផ្សារ AI ខណៈ Intel ទទួលបានទុន និងការគាំទ្រយុទ្ធសាស្ត្រ ដើម្បីបន្តប្រកួតប្រជែងជាមួយក្រុមហ៊ុនឈីបធំៗផ្សេងទៀត។ ការវិនិយោគនេះ ក៏បានទទួលការអនុម័តពីអាជ្ញាធរប្រឆាំងអំណាចផ្តាច់មុខរបស់សហរដ្ឋអាមេរិក ដែលអនុញ្ញាតឲ្យប្រតិបត្តិការនេះបញ្ចប់ដោយគ្មានឧបសគ្គផ្លូវច្បាប់៕