NOCC បន្ដនាំជំនួយចលនាអូឡាំពិកអន្ដរជាតិ ដែលភាគច្រើនជាសម្ភារសិក្សា និងកីឡា សម្រាប់ជួយដល់ជនភៀសសឹក តាមរយៈក្រសួងអប់រំ
30-12-2025 11:30
(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅព្រឹកថ្ងៃទី៣០ ខែធ្នូនេះ បាននាំយកជំនួយរបស់គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) និងក្រុមប្រឹក្សាអូឡាំពិកអាស៊ី(OCA) ប្រគល់ជូនក្រសួងអប់រំ យុវជន និងកីឡា ដែលភាគច្រើនជាសម្ភារសិក្សា និងសម្ភារកីឡា អមថវិកា ៨លានរៀល សម្រាប់ជួយដល់ជនភៀសសឹក ពិសេសគ្រូបង្រៀន និងសិស្សានុសិស្ស ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។
ពិធីប្រគល់អំណោយសប្បុរសធម៌ពីចលនាអូឡាំពិកអន្ដរជាតិ សម្រាប់ជួយដល់ជនភៀសសឹកកម្ពុជានេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅទីស្ដីការក្រសួង ។
លោក វ៉ាត់ ចំរើន បញ្ជាក់ថា នេះជាលើកទី២ ហើយ ដែល NOCC បាននាំជំនួយជួយដល់ជនភៀសសឹក បន្ទាប់ពីក្រុមការងារ NOCC បាននាំអំណោយមួយផ្នែកធំ ជួយដល់ពលរដ្ឋភៀសសឹក ដល់អាជ្ញាធរខេត្តឧត្ដរមានជ័យ កាលពីថ្មីៗ។ សម្រាប់ជំនួយបរិច្ចាគតាមរយៈក្រសួងអប់រំនេះដែរ ភាគច្រើនជាសម្ភារសិក្សា និងសម្ភារកីឡា សម្រាប់ជួយសម្រួលដល់គ្រូបង្រៀន ពិសេសសិស្សានុសិស្ស ដែលបានភៀសសឹក។
លោកថា «នេះគឺជានិមិត្តរូបនៃការគាំទ្ររបស់ចលនាអូឡាំពិកអន្ដរជាតោ ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងកុមារ នូវសិទ្ធិរួសរាន់មានជីវិត សិទ្ធិសិក្សារៀនសូត្រ និងសិទ្ធិលេងកីឡាជាដើម។ សម្ភារទាំងអស់ មានអាវកីឡាជាង ១ពាន់អាវ បាល់ រ៉ាកែតវាយសី និងសម្ភារកីឡាជាច្រើន ដើម្បីបង្កឱកាសលេងកីឡាដល់ពួកគាត់ បន្ធូរនូវភាពស្មុគស្មាញ កង្វល់ ក៏ដូចជាការឈឺចាប់នានា ពិសេសកុមារ និងយុវជន ដើម្បីឲ្យពួកគាត់មានអារម្មណ៍ល្អក្នុងការសិក្សា ទោះបីទៅដល់កន្លែងណា គឺត្រូវមានសិស្សទាំងអស់នេះ»។
ទន្ទឹមជាមួយការប្រគល់មូលនិធិជនភៀសសឹកអូឡាំពិកចុងក្រោយនេះដែរ លោក វ៉ាត់ ចំរើន ក៏បានបន្ដអំពាវនាវដល់សប្បុរសជនទាំងអស់ បន្ដពួតដៃក្នុងសកម្មភាពបរិច្ចាគគ្រប់រូបភាព ដើម្បីជួយដល់ជនភៀសសឹក ទោះបីស្ថានការធូរស្រាលយ៉ាងណាក្ដី លោកបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ រួមជាមួយអាជ្ញាធរបន្ដទៀត ហើយ NOCC ក្រោមការដឹកនាំរបស់លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធាន NOCC ក៏នឹងបន្ដរៀបចំនូវគម្រោងថ្មីៗ ដើម្បីស្វែងរក និងទទួលបាននូវអំណោយសប្បុរសធម៌ សម្រាប់ជួយដល់ជនភៀសសឹក យុវជន និងកុមារ ដើម្បីទទួលបាននូវឱកាសសិក្សារៀនសូត្រ និងលេងកីឡាបន្ដទៀតផងដែរ៕











