ប្រមុខ FIFA ចេញមកការពារសំបុត្រ World Cup ឡើងថ្លៃ ខណៈ ១សន្លឹកវគ្គផ្តាច់ព្រ័ត្រជាង ៤ពាន់ដុល្លារឡើងទៅ
30-12-2025 13:04
(បរទេស)៖ លោក Gianni Infantino ដែលបានជាប់ឆ្នោតជាប្រធានសហព័ន្ធបាល់ទាត់ FIFA តាំងពីឆ្នាំ២០១៦ បានចេញមកអះអាង និងការពារពីតម្លៃសំបុត្រ World Cup 2026 ថ្លៃហួសប្រមាណ នៅពេល ១សន្លឹកនៃវគ្គផ្តាច់ព្រ័ត្រ មានចាប់ពីជាង ៤ពាន់ដុល្លារឡើងទៅឯណោះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បុរសសញ្ជាតិអ៉ីតាលីដែលពីមុនជាប្រធាន UEFA ផងនោះបាននិយាយ និងប្រតិកម្មចំពោះអ្នករិះគន់សំបុត្រ World Cup 2026 នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ថាថ្លៃនេះ «គឺពិតជាឆ្កួតមែន»។
សំបុត្រចូលទស្សនាព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនាឆ្នាំក្រោយ មានតម្លៃថ្លៃហួសប្រមាណ ដែលនាំឱ្យមានការរិះគន់ទូទាំងសកលលោកតែម្តង គ្រាដែលសមាគមអ្នកគាំទ្របាល់ទាត់ហៅកាត់ថា FSA បានពិព័រណ៌នាថា «វាពោរពេញដោយរឿងអាស្រូវ»។
តម្លៃសំបុត្រចូលទស្សនាសម្រាប់វគ្គសន្សំពិន្ទុតាមពូលនីមួយៗ វាបានឡើងថ្លៃ ៣ដង បើប្រៀបធៀបនឹង World Cup 2022 នៅប្រទេសកាតា ហើយសម្រាប់តម្លៃសំបុត្រ ១សន្លឹកនៃវគ្គផ្តាច់ព្រ័ត្រដែលនឹងធ្វើឡើងនៅទីក្រុង New Jersey មានតម្លៃទាបបំផុត ៣,១១៩ផោន ស្មើនឹង ៤,២១៥ដុល្លារឯណោះ។
ក៏ប៉ុន្តែលោក Infantino បាននិយាយថា កម្រិតនៃតម្រូវការលើសពីការផ្គត់ផ្គង់ ក្នុងអំឡុងពេលលោកបានចូលរួមក្នុងកម្មវិធី World Sports Summit នៅទីក្រុង Dubai កាលពីថ្ងៃចន្ទម្សិលមិញ។
លោកបានគូសបញ្ជាក់ថា «ពួកយើងមានសំបុត្រ ៦-៧លានសន្លឹក ដើម្បីដាក់លក់ ក៏ប៉ុន្តែក្នុងរយៈពេលតែ ១៥ថ្ងៃប៉ុណ្ណោះ យើងទទួលបានសំណើសុំទិញ ១៥០លានសន្លឹកឯណោះ ពោលគឺ ១ថ្ងៃ បញ្ជាទិញ ១០លានសន្លឹក។ វាពិតជាច្រើនខ្លាំងមែនទែន ដែលវាបង្ហាញពីឥទ្ធិពល World Cup យ៉ាងប្រាកដ»៕



