មហាសេដ្ឋីប្រាក់ពាន់លានដុល្លារ របស់រុស្ស៉ី Potanin ឈានជើងចូលវិស័យបច្ចេកវិទ្យា ក្រោយទិញភាគហ៊ុន ២៥% ក្នុងក្រុមហ៊ុន Selectel

30-12-2025 16:02

(បរទេស)៖ មហាសេដ្ឋីប្រាក់ពាន់លានដុល្លារជនជាតិរុស្ស៊ី ដែលគេស្គាល់ជាទូទៅថា ជាអ្នកជំនួញដ៏ល្បីម្នាក់គឺលោក Vladimir Potanin បានបោះជំហានថ្មីក្នុងវិស័យបច្ចេកវិទ្យា ដោយទិញភាគហ៊ុន ២៥% ក្នុងក្រុមហ៊ុនផ្តល់សេវាកម្ម cloud និងហេដ្ឋារចនាសម្ព័ន្ធ IT របស់ប្រទេសរុស្ស៊ី គឺក្រុមហ៊ុន Selectel ។ ការទិញនេះ គឺធ្វើឡើងតាមរយៈក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា គឺ Catalytic People ដែលគ្រប់គ្រងដោយមូលនិធិ Interros របស់លោក និងក្រុមហ៊ុន T-Technologies។

ការទិញភាគហ៊ុននេះ មានតម្លៃប្រមាណ ២០៦លានដុល្លារ ហើយត្រូវបានក្រុមហ៊ុន T-Technologies ផ្សព្វផ្សាយបន្ត។ ការវិនិយោគនេះកើតឡើងក្នុងបរិបទដែលរដ្ឋាភិបាលរុស្ស៊ីកំពុងលើកទឹកចិត្តការអភិវឌ្ឍម៉ូដែលបញ្ញាសិប្បនិម្មិតក្នុងស្រុក ដើម្បីពង្រឹងសេរីភាព និងសន្តិភាពសេដ្ឋកិច្ច។ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បាននិយាយថា ការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ដែលផលិតដោយខ្លួនឯងក្នុងប្រទេស មានសារៈសំខាន់ខ្លាំង ដើម្បីរក្សាអធិបតេយ្យភាពរបស់រុស្ស៊ី។ លោកក៏បានអំពាវនាវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Sberbank និង Yandex ប្រឹងប្រែងអភិវឌ្ឍបច្ចេកវិទ្យាឲ្យទាន់សហរដ្ឋអាមេរិក និងចិន។ ចំណែកឯលោក Vladimir Potanin ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Norilsk Nickel និងជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ក្រុមហ៊ុននេះ បានពង្រីកការវិនិយោគរបស់ខ្លួនទៅវិស័យបច្ចេកវិទ្យា។ នៅដើមឆ្នាំនេះ លោកបានទិញភាគហ៊ុន ៩.៩៥% នៅក្រុមហ៊ុនអ៊ីនធឺណិតធំ Yandex ដែលគេហៅថា «Google របស់រុស្ស៊ី»

Potanin បាននិយាយក្នុងបទសម្ភាសន៍ទូរទស្សន៍មួយកាលពីសប្តាហ៍មុនថា «ខ្ញុំជឿថា នៅពេលឆាប់ៗខាងមុខ ក្រុមហ៊ុន Norilsk Nickel និងក្រុមហ៊ុនរុស្ស៊ីជាច្រើនទៀត នឹងមានការរីកចម្រើនដ៏ខ្លាំងក្នុងវិស័យ AI»

គួរចម្រាបថា Selectel គឺជាក្រុមហ៊ុន IT infrastructure និង cloud services ដ៏មានឥទ្ធិពលនៅទីផ្សាររុស្ស៊ី និងមានកំណើនចំណូលប្រមាណ ៤២% ក្នុងរយៈ ៩ខែដំបូងឆ្នាំ ២០២៥ បើប្រៀបធៀបជាមួយឆ្នាំមុន។ ការទិញភាគហ៊ុននេះនឹងអនុញ្ញាតឲ្យ T-Technologies ប្រើប្រាស់បណ្តាញហេដ្ឋារចនាសម្ព័ន្ធ cloud ដើម្បីពង្រឹងការអភិវឌ្ឍ ផលិតផល AI និងសេវាកម្មបច្ចេកវិទ្យា៕