អាមេរិកបើកភ្លើងខៀវឱ្យ Samsung និង SK Hynix នាំចូលឧបករណ៍ផលិតឈីបទៅចិនរហូតដល់ឆ្នាំ ២០២៦

30-12-2025 16:43

(បរទេស)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនយក្ស Samsung និង SK Hynix បន្តនាំចូលឧបករណ៍ផលិតបន្ទះឈីបទៅកាន់រោងចក្ររបស់ពួកគេនៅក្នុងប្រទេសចិនសម្រាប់ឆ្នាំ ២០២៦។ ការសម្រេចចិត្តនេះកើតឡើងស្របពេលដែលទីក្រុងវ៉ាស៊ីនតោន បានប្តូរមកប្រើប្រព័ន្ធ «អនុម័តអាជ្ញាប័ណ្ណនាំចេញជាប្រចាំឆ្នាំ» ដើម្បីពង្រឹងការត្រួតពិនិត្យលើការបញ្ជូនបច្ចេកវិទ្យាទៅកាន់ទឹកដីចិនឱ្យកាន់តែហ្មត់ចត់ជាងមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥។

ការផ្លាស់ប្តូរនេះមានសារៈសំខាន់ណាស់ ព្រោះឯកសិទ្ធិពិសេសដែលធ្លាប់អនុញ្ញាតឱ្យក្រុមហ៊ុនទាំងនេះ រួមទាំងក្រុមហ៊ុន TSMC នាំចូលឧបករណ៍ដោយសេរីនោះ នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី ៣១ ខែធ្នូនេះហើយ។ ចាប់ពីពេលនេះតទៅ រាល់ការដឹកជញ្ជូនឧបករណ៍បច្ចេកវិទ្យារបស់អាមេរិកទៅកាន់ប្រទេសចិន នឹងត្រូវមានអាជ្ញាប័ណ្ណនាំចេញជាដាច់ខាត ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងគោលបំណង «រឹតត្បិតមិនឱ្យចិនទទួលបានបច្ចេកវិទ្យាកម្រិតខ្ពស់របស់អាមេរិក»

សម្រាប់ក្រុមហ៊ុនកូរ៉េខាងត្បូងទាំងពីរ ប្រទេសចិនគឺជាមូលដ្ឋានផលិតកម្មដ៏សំខាន់មិនអាចខ្វះបាន ជាពិសេសសម្រាប់ផលិតបន្ទះឈីបអង្គចងចាំ (Memory Chips) ដែលបច្ចុប្បន្នកំពុងមានការឡើងថ្លៃយ៉ាងខ្លាំង។ ការកើនឡើងនៃតម្លៃនេះ គឺដោយសារតែមាន «តម្រូវការខ្ពស់ពីមជ្ឈមណ្ឌលទិន្នន័យ AI និងការរួមតូចនៃខ្សែសង្វាក់ផ្គត់ផ្គង់» នៅលើទីផ្សារសកល។

ទោះបីជាមានការអនុញ្ញាតនេះក៏ដោយ ក៏ក្រុមហ៊ុន Samsung និង SK Hynix នៅតែរក្សាភាពស្ងប់ស្ងាត់ដោយមិនទាន់ផ្ដល់ការអត្ថាធិប្បាយណាមួយឡើយ។ ចំណែកឯអ្នកវិភាគយល់ថា នេះគឺជាដង្ហើមសេដ្ឋកិច្ចបណ្ដោះអាសន្នសម្រាប់ក្រុមហ៊ុនផលិតឈីប ខណៈដែលសង្គ្រាមបច្ចេកវិទ្យារវាងអាមេរិក និងចិន នៅតែបន្តមានភាពតានតឹងខ្លាំង៕