ខ្សែប្រយុទ្ធជប៉ុន វ័យ ៥៨ឆ្នាំ Miura រកក្លឹបថ្មីបានហើយ ដើម្បីបន្តប្រកបអាជីពបាល់ទាត់ទៀត

30-12-2025 16:59

(តូក្យូ)៖ អតីតខ្សែប្រយុទ្ធជម្រើសជាតិជប៉ុន Kazuyoshi Miura ដែលនឹងឈានចូលវ័យ ៥៩ឆ្នាំនាខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនោះ បានចុះកិច្ចសន្យាលេងនៅក្លឹប Fukushima United ស្ថិតនៅក្របខណ្ឌទី៣ ជប៉ុនរហូតដល់ខែមិថុនា។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ការផ្ទេរនេះដែរមានន័យថា Miura ក៏អាចលេងនៅ J-League ក្នុងក្របខណ្ឌកំពូលទាំង៣ នៃបាល់ទាត់ជប៉ុនដែរ និងជាលើកដំបូងសម្រាប់លោកផងដែរ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។

គួរបញ្ជាក់ផងថា Fukushima បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១០ ក្នុងចំណោម ២០ក្រុមនៅក្របខណ្ឌទី៣ ជប៉ុននារដូវកាលមុន នៅមុនការចុះកិច្ចសន្យាជាមួយ Miura ដែលធ្លាប់ចូលលេងបាន ៨៩ប្រកួត និងស៊ុតបាន ៥៥គ្រាប់ផងដែរសម្រាប់ក្រុមជម្រើសជាតិសាម៉ូរៃខៀវជប៉ុន។

Miura ដែលជាកីឡាករបាល់ទាត់អាជីពចាស់ជាងគេរបស់ពិភពលោក បានចាប់ផ្តើមអាជីពដំបូងពីក្នុងក្លឹប Santos របស់ប្រេស៊ីលដូចទៅនឹងខ្សែប្រយុទ្ធ Neymar ដែរ ដែលបានបរាជ័យពីការរកគ្រាប់ក្នុងរយៈពេល ៦៩នាទីសរុប ក្នុងចំណោម ៧ប្រកួតរដូវកាលមុនជាមួយក្លឹប Atletico Suzuka លេងនៅក្របខណ្ឌទី៤។

Miura បានថ្លែងនៅមុនពេលចាប់ផ្តើមរដូវកាលទី៤១ របស់លោកថា «បេសកកម្មរបស់ខ្ញុំនៅក្នុងបាល់ទាត់មិនទាន់ផ្លាស់ប្តូរទេ។ គ្មានបញ្ហាថាខ្ញុំមានអាយុប៉ុន្មានឡើយ។ មែនទែនទៅ ខ្ញុំពិតជារីករាយខ្លាំងណាស់ ពីការទទួលបានឱកាសនេះ និងសន្សាធ្វើឱ្យបានល្អបំផុត ដើម្បីបង្កើតប្រវតិ្តសាស្រ្តថ្មីជាមួយគ្នា»