អ្នកជំនាញសន្តិសុខសាយប័រអាមេរិក ២រូប សារភាពកំហុសពីបទឃុបឃិតជាមួយក្រុមក្រុមហាកឃ័រដើម្បីជម្រិតទារប្រាក់

31-12-2025 07:27

(បរទេស)៖ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (DOJ) បានប្រកាសកាលពីថ្ងៃអង្គារថា អ្នកជំនាញផ្នែកសន្តិសុខសាយប័រ (Cybersecurity) ចំនួន ២ រូប បានសារភាពកំហុសតាមការចោទប្រកាន់ពីបទធ្វើការឱ្យក្រុមហាកឃ័រជម្រិតទារប្រាក់ដ៏ល្បីឈ្មោះមួយ ដើម្បីវាយប្រហារលើក្រុមហ៊ុននានាក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

ជនសង្ស័យទាំង ២ រូប រួមមាន Ryan Goldberg អាយុ ៤០ ឆ្នាំ មកពីរដ្ឋ Georgia (ធ្លាប់ធ្វើការនៅក្រុមហ៊ុន Sygnia) និង Kevin Martin អាយុ ៣៦ ឆ្នាំ មកពីរដ្ឋ Texas (ធ្លាប់ធ្វើការនៅក្រុមហ៊ុន DigitalMint)។

អ្នកទាំងពីរបានសារភាពកំហុសនៅតុលាការសហព័ន្ធក្នុងទីក្រុង Miami ពីបទ «ឃុបឃិតគ្នាបង្កការរំខានដល់ពាណិជ្ជកម្មតាមរយៈ​ការ​ជម្រិត​ទារ​ប្រាក់»។ ពួកគេនឹងត្រូវទទួលការប្រកាសសាលក្រមនៅខែមីនាខាងមុខនេះ ហើយអាចប្រឈមនឹងការជាប់​ពន្ធនាគារ​អតិបរមារហូតដល់ ២០ ឆ្នាំ។

Goldberg និង Martin រួមជាមួយបក្ខពួកម្នាក់ទៀត ត្រូវបានចោទប្រកាន់ថា បានសហការជាមួយក្រុមហាកឃ័រ ALPHV Blackcat ដើម្បីលួចចូលទៅបង្កកទិន្នន័យ (Encrypt) ក្នុងបណ្តាញកុំព្យូទ័ររបស់ក្រុមហ៊ុនអាមេរិកជាច្រើនក្នុងគោលបំណង ជម្រិតទារប្រាក់​ជា​ប្រភេទរូបិយបណ្ណគ្រីបតូ (Cryptocurrency) ដែលមានតម្លៃរាប់លានដុល្លារ និងប្រើប្រាស់ចំណេះដឹងជំនាញ​បច្ចេកទេស​របស់​ពួកគេ ដើម្បីជួយសម្រួលដល់ការវាយប្រហារ។

ក្រុមហ៊ុន DigitalMint និង Sygnia ដែលជាអតីតកន្លែងធ្វើការរបស់ជនជាប់ចោទទាំងពីរបានចេញសេចក្តីថ្លែងការណ៍ថ្កោល​ទោសយ៉ាងខ្លាំងចំពោះសកម្មភាពនេះ។ ក្រុមហ៊ុនទាំងពីរបានបញ្ជាក់ថា សកម្មភាពល្មើសច្បាប់នេះធ្វើឡើងដោយបុគ្គលផ្ទាល់ មិនមានការដឹងឮ ឬពាក់ព័ន្ធជាមួយក្រុមហ៊ុនឡើយហើយពួកគេបានសហការយ៉ាងពេញទំហឹងជាមួយក្រសួងយុត្តិធម៌ក្នុង​ការស៊ើបអង្កេត។

ចំណែកឯក្រុម ALPHV Blackcat ដែលជាអ្នកនៅពីក្រោយការវាយប្រហារធំៗជាច្រើន (រួមទាំងការវាយប្រហារលើ UnitedHealth Group) បានបាត់ដានកាលពីឆ្នាំមុន បន្ទាប់ពីមានការបង្ក្រាប និងការវាយប្រហារតាមសាយប័រទ្រង់ទ្រាយធំ៕