ដំណឹងដ៏អស្ចារ្យ៖ ជប៉ុនចាប់ផ្ដើមសាកល្បងលើមនុស្សនូវថ្នាំដែលជួយឱ្យ «ដុះធ្មេញឡើងវិញ» ដោយធម្មជាតិ

31-12-2025 07:32

(បរទេស)៖ ជាទូទៅ មនុស្សយើងដុះធ្មេញតែពីរឈុតប៉ុណ្ណោះគឺ ធ្មេញទឹកដោះ និងធ្មេញពេញវ័យ។ ប៉ុន្តែពេលនេះ ក្រុមអ្នកស្រាវជ្រាវក្នុងប្រទេសជប៉ុនកំពុងសាកល្បងឱសថថ្មីម្យ៉ាង ដែលអាចផ្លាស់ប្តូរការយល់ឃើញនេះទាំងស្រុង ដោយអនុញ្ញាតឱ្យធ្មេញដុះឡើងវិញបាន។

គំនិតនេះមិនមែនជាការដាំបង្គោលធ្មេញសិប្បនិម្មិតនោះទេ ប៉ុន្តែគឺជាការដាស់ គ្រាប់ពូជធ្មេញ ដែលមានស្រាប់នៅក្នុងខ្លួនមនុស្សឱ្យដំណើរការឡើងវិញ។ គ្រាប់ពូជធ្មេញបង្កប់៖ ក្នុងអំឡុងពេលលូតលាស់ដំបូង មនុស្សភាគច្រើនមានពន្លកធ្មេញបន្ថែមដែលមិនដែលលូតលាស់ពេញលេញ។ ប្រូតេអ៊ីន USAG-1៖ ពន្លកធ្មេញទាំងនេះត្រូវបាន បិទ ដោយប្រូតេអ៊ីនម្យ៉ាងឈ្មោះ USAG-1 ដែលរារាំងការលូតលាស់ធ្មេញបន្ថែម។
ដំណោះស្រាយ៖ អ្នកស្រាវជ្រាវជប៉ុនបានរកឃើញថា ការប្រើប្រាស់ថ្នាំដើម្បីទៅរារាំងប្រូតេអ៊ីន USAG-1 នេះ អាចធ្វើឱ្យពន្លកធ្មេញទាំងនោះចាប់ផ្ដើមដុះឡើងវិញបាន។

បន្ទាប់ពីទទួលបានជោគជ័យក្នុងការសាកល្បងលើសត្វកណ្តុរ ក្រុមហ៊ុនអាជីវកម្មថ្មី (Startup) ឈ្មោះ Toregem BioPharma (បង្កើតឡើងដោយអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យក្យូតូ) បានចាប់ផ្តើមការសាកល្បងលើមនុស្ស។គោលដៅដំបូង៖ ផ្តោតលើអ្នកដែលមានជំងឺ អសមត្ថភាពបង្កកំណើតធ្មេញពីកំណើត (Congenital tooth agenesis) ដែលជាស្ថានភាពដែលធ្មេញពេញវ័យមិនដុះទាល់តែសោះ។
ធ្មេញឈុតទី៣៖ អ្នកវិទ្យាសាស្ត្រហៅដំណើរការនេះថាជាការជំរុញឱ្យមាន "ធ្មេញឈុតទី៣" (Third dentition)។

ទោះបីជាវាជាបច្ចេកវិទ្យាដ៏អស្ចារ្យ ប៉ុន្តែថ្នាំនេះ មិនមែនធ្វើឱ្យធ្មេញដុះចេញមកដោយគ្មានសណ្ដាប់ធ្នាប់នោះទេ ហើយក៏មិនមែនប្រើបានផលចំពោះមនុស្សគ្រប់គ្នានោះដែរ វាត្រូវការពេលវេលា ទីតាំង និងបរិបទនៃការលូតលាស់ត្រឹមត្រូវ។

ប្រសិនបើការសាកល្បងនេះទទួលបានជោគជ័យ និងមានសុវត្ថិភាព វានឹងក្លាយជាបដិវត្តន៍ថ្មីក្នុងវិស័យទន្តសាស្ត្រ ដែលផ្លាស់ប្តូរពីការប្រើធ្មេញក្លែងក្លាយ មកជាការបណ្តុះធ្មេញពិតៗឡើងវិញ៕