Meta ប្រកាសទិញយកក្រុមហ៊ុន AI Manus ក្នុងតម្លៃរាប់ពាន់លានដុល្លារ ដើម្បីពង្រឹងមហិច្ឆតា «បច្ចេកវិទ្យា AI កម្រិតខ្ពស់»

31-12-2025 08:20

(បរទេស)៖ ក្រុមហ៊ុនមេរបស់ Facebook គឺ Meta បានសម្រេចកិច្ចព្រមព្រៀងជាផ្លូវការក្នុងការទិញយកក្រុមហ៊ុន AI Startup ដ៏លេចធ្លោ Manus ក្នុងតម្លៃប៉ាន់ស្មានចន្លោះពី ២ ទៅ ៣ ពាន់លានដុល្លារ។ នេះគឺជាយុទ្ធសាស្ត្រដ៏ធំមួយរបស់លោក Mark Zuckerberg ក្នុងការឈានទៅរកយុគសម័យ «ភ្នាក់ងារ AI ស្វ័យប្រវត្តិ» (AI Agent) ដែលមានសមត្ថភាពបំពេញការងារស្មុគស្មាញជំនួសមនុស្ស ដោយមិនចាំបាច់មានការបញ្ជាច្រើនឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥។

ក្រុមហ៊ុន Manus ដែលធ្លាប់ត្រូវបានគេប្រសិទ្ធនាមថាជា «DeepSeek បន្ទាប់របស់ចិន» នឹងក្លាយជាចំណែកដ៏សំខាន់របស់ Meta។ ការជ្រើសរើសទិញយកក្រុមហ៊ុនដែលមានមូលដ្ឋាននៅសិង្ហបុរីមួយនេះ ក៏ត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រឆ្លាតវៃ ដើម្បីចៀសវាងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរវាងអាមេរិក និងចិន ខណៈដែល Manus កំពុងព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួនជាសកល។

បច្ចេកវិទ្យារបស់ Manus ទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារវាមានសមត្ថភាពជា «បុគ្គលិកឌីជីថល» ដែលអាចធ្វើការសម្រេចចិត្ត និងអនុវត្តភារកិច្ចដូចជា ការស្រាវជ្រាវ ការសរសេរកូដ និងការវិភាគទិន្នន័យដោយស្វ័យប្រវត្តិ។ Meta គ្រោងនឹងយកបច្ចេកវិទ្យានេះមកដាក់បញ្ចូលក្នុង Meta AI ក៏ដូចជាផលិតផលសម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់រាប់ពាន់លាននាក់នៅទូទាំងពិភពលោក។

ទោះបីជាមានប្រភពដើមចេញពីប្រទេសចិន ប៉ុន្តែបច្ចុប្បន្ន Manus បានមកតាំងមូលដ្ឋាននៅសិង្ហបុរី ដើម្បីធានាបាននូវប្រតិបត្តិការមិនរអាក់រអួល។ ការវិនិយោគនេះបានបង្ហាញឱ្យឃើញពីការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញរវាងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ក្នុងការដណ្ដើមយកបច្ចេកវិទ្យា AI ជំនាន់ថ្មីដែលលើសពី Chatbot ធម្មតា៕