ម្ចាស់ពានមាស២០០៤ Arsenal បំបាក់ចង្គូម Aston ឱ្យស្គាល់ចាញ់មុនចូលឆ្នាំថ្មី២០២៦
31-12-2025 09:46
(ឡុងដ៏)៖ ក្រុម Arsenal ដែលជាក្រុមម្ចាស់ពានមាសលីគអង់គ្លេស Premier League បានបិទបញ្ចប់ឆ្នាំ២០២៥ យ៉ាងអស្ចារ្យ ដោយបានបំបាក់ចង្គូមក្រុម Aston Villa ឱ្យស្គាល់ចាញ់មុនចូលឆ្នាំថ្មី២០២៦ក្នុងលទ្ធផល ៤-១ ប្រកួតទី១៩ ជើងទី២ ដើម្បីបន្តនាំមុខ ៥ពិន្ទុនៅកំពូលតារាងបណ្តោះអាសន្ន ។
ជាមួយគ្នានេះ ក្រុមបិសាចក្រហម Manchester United បានត្រឹមស្មើជាមួយ Wolverhampton Wanderers ១-១ ខណៈក្រុម Bournemouth ក៏ដណ្តើមបាន ១ពិន្ទុពីក្រុម Chelsea នៅលទ្ធផល ២-២ គ្រាដែលម្ចាស់ពានរដូវកាលមុន Liverpool ត្រូវប៉ះ Leeds United នៅដើមឆ្នាំថ្មី២០២៦ ។
នេះក៏ជាការសងសឹងបានវិញរបស់កាំភ្លើងធំ Arsenal បន្ទាប់ពីជើងទី១ ចាញ់ក្រុម Aston Villa ២-១ និងជាការបញ្ចប់ការលេងមិនចាញ់ ១១ប្រកួតរបស់ក្រុមដឹកនាំដោយលោក Emery ដែលជាកំណត់ត្រាប្រចាំក្រុមពីការដឹកនាំរបស់លោក ។
សូមជម្រាបផងថា Arsenal កំពុងមាន ៤៥ពិន្ទុនាំមុខកំពូលតារាង ខណៈក្រុមមេឃខៀវ Man City នឹងត្រូវលេងប្រកួតទី១៩ នេះ ជាមួយក្រុម Sunderland នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ គ្រាដែលម្ចាស់ពានមាសឆ្នាំ២០០៤ Arsenal ក៏ត្រូវជួបក្រុម AFC Bournemouth នៅថ្ងៃទី០៥ ក្នុងប្រកួតទី២០ មុនបន្តទៅប៉ះក្រុមជើងករដូវកាលមុន Liverpool ក្នុងជើងទី២ ក្រោយចាញ់នៅទឹកដី Anfield ៕





