Wolves បញ្ចប់កំណត់ត្រាចាញ់ ១១ប្រកួតក្នុងលីគ តាមរយៈវាយបកតាមស្មើម្ចាស់ផ្ទះ Man Utd

31-12-2025 09:49

(បរទេស)៖ ក្រុមបាតតារាង Wolverhamton Wanderer បានវាយបកតាមស្មើ ១-១ ទល់នឹងបិសាចក្រហម Manchester United ដែលបានបញ្ចប់កំណត់ត្រាចាញ់ ១១ប្រកួងក្នុងលីគអង់គ្លេស Premier League 2025-26។ នេះបើ់យោងតាមការចេញផ្សាយដោយ BBC។

កីឡាករ Ladislav Krejci ជាអ្នករកបានគ្រាប់តាមស្មើ ១-១ ក្នុងកីឡដ្ឋាន Old Trafford នៅមុនពេលជិតបញ្ចប់វគ្គទី១ បន្ទាប់ពី Joshua Zirkzee ជាអ្នករកបានគ្រាប់នាំមុខឱ្យក្រុមរបស់លោក Ruben Amorim នៅថ្ងៃបិទបញ្ចប់ជើងទី១ មុនដាច់ឆ្នាំ២០២៥។

នេះក៏ជាពិន្ទុដំបូងសម្រាប់ពួកគេផងដែរ គិតចាប់តាំងពីខែតុលាមក ក្នុងនាមក្រុមលេងមិនទាន់ឈ្នះនៅឡើយទេ ក្នុងចំណោម ១៩ប្រកួតនារដូវកាលនេះ ស្របពេល Man Utd ស្គាល់រសជាតិស្មើជាលើកទី២ ប្រចាំខែធ្នូនេះ។

Wolves បានកំពុងប្រឈមនឹងការកាត់ចេញពី Premier League ដ្បិតទើបរកបានតែ ៣ពិន្ទុប៉ុណ្ណោះឈរបាតតារាង នៅថ្ងៃបិទបញ្ចប់ជើងទី១ និងដាច់ចំនួន ១៥ពិន្ទុឯណោះពីតំបន់មានសុវត្ថិភាព Nottingham Forest នៅពេលគូប្រជែង Man Utd ក៏មានពិន្ទុដាច់ ១៥ពិន្ទុដែរពីក្រុមកំពូលតារាង កាំភ្លើងធំ Arsenal ដែលទើបរកបាន ៣០ពិន្ទុ ឈរនៅលេខរៀងទី៦ បណ្តោះអាសន្ននៅក្រៅតំបន់កៅអីលេងពានអឺរ៉ុប៕