មរតកស៊ីហ្គេម ជំរុញយុវតី ចូលរួមសមភាពស្ដ្រីក្នុងវិស័យកីឡាកាន់តែផុសផុល

31-12-2025 09:52

(ភ្នំពេញ)៖ រយៈពេល ៥ឆ្នាំ នៃការបញ្ជ្រាបកម្មវិធីអប់រំគុណតម្លៃអូឡាំពិក និងសមភាពស្ដ្រីក្នុងវិស័យកីឡា នៅកម្ពុជា បានជំរុញការចូលរួមសកម្មភាពកីឡាយ៉ាងផុសផុសពីយុវតី ពិសេសក្រោយមហាជោគជ័យនៃព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ កម្មវិធីនេះ បានទទួលនូវការគាំទ្រពីស្ដ្រីស្ទើរគ្រប់វ័យ និងមានការចូលរួមកាន់តែច្រើនឡើងៗរៀងរាល់ឆ្នាំទៀតផង។

នេះបើតាមការគូសបញ្ជាក់របស់លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បន្ទាប់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិក និងសមភាពស្ដ្រីក្នុងវិស័យកីឡា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែធ្នូកន្លងទៅ ដោយមានសិស្សានុសិស្សជាយុវតីប្រមាណជិត ២០០នាក់ចូលរួម។

លោកថា កម្ពុជាបានអនុវត្តកម្មវិធីខាងលើ តាំងពីឆ្នាំ២០២១ តែប្រមាណ ២ឆ្នាំដំបូង មិនសូវមានការចាប់អារម្មណ៍ច្រើននោះទេ តែក្រោយព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលជាមរតកស៊ីហ្គេមដ៏អស្ចារ្យលើទឹកដីកម្ពុជា គឺបានផ្លាស់ប្ដូរផ្នត់គំនិត និងការកែទម្លាប់រស់នៅរបស់ប្រជាពលរដ្ឋ ពិសេសស្ដ្រី ក៏បានងាកមកចូលរួមសកម្មភាពកីឡាយ៉ាងផុសផុល ក្រោយមានការយល់ដឹងច្បាស់ពីអត្ថប្រយោជន៍នៃកីឡា។

ជាក់ស្ដែងកម្មវិធីប្រចាំឆ្នាំ ដែល NOCC ទើបរៀបចំនៅអនុវិទ្យាល័យសម្ដេចឪ នាខេត្តព្រះសីហនុ មានសិស្សានុសិស្សជាយុវតី ដែលរៀនចន្លោះថ្នាក់ទី៧ ដល់ថ្នាក់ទី៩ រហូតដល់ជិត ២០០នាក់ចូលរួម ។ មិនតែប៉ុណ្ណោះ ពួកគេបានក៏បានជ្រូតជ្រាបច្រើនពាក់ព័ន្ធនឹងកីឡា មុនចូលរួមសិក្សាស្វែងយល់បន្ថែម អំពីគុណតម្លៃអូឡាំពិក ចលនាអូឡាំពិក និងប្រវត្តិកីឡាអូឡាំពិក ដែលចែករំលែកដោយក្រុមការងារ NOCC។

តាមរយៈកំណើនស្ដ្រីក្នុងសកម្មភាពកីឡានេះ លោក ប៊ុយ សុភ័ណ្ឌ បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃសកម្មភាពយេនឌ័រក្នុងវិស័យកីឡា ដែលឆ្លើយតបនឹងការយកចិត្តទុកដាក់របស់ចលនាអូឡាំពិកអន្ដរជាតិ ក៏ដូចជាចលនាអូឡាំពិកជាតិ ក្នុងការខិតខំអប់រំគុណតម្លៃអូឡាំពិក និងជំរុញស្ដ្រីចូលរួមលេងកីឡា ដែលស្ដ្រីមានសិទ្ធចូលរួមលេងកីឡាដូចបុរាដែរ ផ្ទុយពីអូឡាំពិកសម័យបុរាណ ដែលស្រ្ដីមិនអាចលេងកីឡាបានឡើយ។

ជាមួយគ្នាដែរ លោក ហាង សុខឡា គ្រូអប់រំកាយ និងកីឡា នៅវីទ្យាល័យសម្ដេចឪ បានសម្ដែងក្ដីរីករាយ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជ្រើសរើសសាលារបស់ខ្លួនដើម្បីរៀបចំកម្មវិធីដ៏មានសារៈសំខាន់ ខណៈសិស្សានុសិស្សទាំងអស់ សុទ្ធតែរីករាយក្នុងការចូលរួមត្រងត្រាប់ស្ដាប់ និងការចែករំលែកពីប្រវត្តិចលនាកីឡាអូឡាំពិក និងបានចូលរួមលេងកីឡា ដែលជំរុញឲ្យយុវតីទាំងអស់បានយល់ដឹងពីគុណតម្លៃនៃកីឡា និងសុខភាព៕