ក្រុមហ៊ុន xAI របស់ Elon Musk ចាយលុយទិញអាគារ ដេីម្បីពង្រីកកម្លាំង AI
31-12-2025 10:18
(បរទេស)៖ ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត xAI របស់កំពូលមហាសេដ្ឋី Elon Musk បានសម្រេចទិញអាគារទី៣ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធគណនា AI។ នេះជា ជំហានថ្មីក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុន AI ធំៗផ្សេងទៀត ដូចជា OpenAI និង Anthropic។
លោក Elon Musk បានប្រកាសថា ការទិញអាគារនេះ មានឈ្មោះថា «MACROHARDRR» ហើយគ្រោងនឹងធ្វើឲ្យកម្លាំងគណនារបស់ xAI ទៅដល់ប្រមាណ ជិត 2 Gigawatts។ ពោលជាកម្លាំងដែលអាចគាំទ្របានច្រើនម៉ូដែល AI តាមរយៈបណ្តាញស៊ើបអង្កេត និងហ្វឹកហ្វឺនធនធានគណនា។ អាគារថ្មីនេះ នឹងត្រូវបម្លែងទៅជាមជ្ឈមណ្ឌលទិន្នន័យ (data center) ដ្បិតនៅជិត Colossus និង Colossus 2 នៅតំបន់ Memphis និង Mississippi។ ទីតាំងនេះ ក៏ត្រូវបានគេដឹងថា នៅក្បែរប្រព័ន្ធផ្គត់ផ្គង់ថាមពល ដើម្បីធានាថាការរីកចម្រើនគណនាក្នុងពេលអនាគត គឺមានថាមពលគ្រប់គ្រាន់។
យុទ្ធសាស្ត្រពង្រីកនេះ គេអាចវាយតម្លៃបានថា xAI មានគោលបំណងដើម្បីគ្រប់គ្រង និងប្រើប្រាស់ឧបករណ៍គណនាផ្ទាល់ខ្លួន ខុសពីក្រុមហ៊ុនគូប្រកួតផ្សេងៗ ដែលពឹងផ្អែកលើសេវាកម្ម Cloud ពីក្រុមហ៊ុនដទៃ។ ទោះយ៉ាងណា ការពង្រីកនេះ ក៏ត្រូវបានសកម្មជនបរិស្ថាន ព្រួយបារម្ភផងដែរ ពីការប្រើថាមពលយ៉ាងច្រើនរបស់មជ្ឈមណ្ឌលទិន្នន័យធំៗនៅសហរដ្ឋអាមេរិក។ ការបន្តពង្រីករបស់ xAI បង្ហាញពីការតប្រកួតប្រជែងក្នុងឧស្សាហកម្ម AI ដែលកំពុងកើនឡើង ខណៈក្រុមហ៊ុនទាំងឡាយកំពុងប្រឹងប្រែងបង្កើន កម្លាំងគណនាសម្រាប់ម៉ូដែល AI ខ្នាតធំ នៅពេលអនាគត៕











