Kroos ទាត់ចោលអាល្លឺម៉ង់ និងអង់គ្លេស ពីបញ្ជីមានភាគរយខ្ពស់ឈ្នះពាន World Cup 2026
31-12-2025 10:32
(បរទេស)៖ ខ្សែបម្រើចូលនិវត្តន៍ Toni Kroos មិនចុចឈ្មោះក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស និងអាល្លឺម៉ង់របស់ខ្លួន ឡើយ ក្នុងចំណោមបេក្ខភាពសំខាន់ ដើម្បីឈ្នះពាន World Cup 2026 ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយ The Sun។
អតីតខ្សែបម្រើឆ្នើមរបស់ក្លឹប Real Madrid រូបនេះ បានបង្ហាញក្រុមនៅតំបន់អឺរ៉ុប ៣ក្រុមដែលមានភាគរយខ្ពស់ជាងគេដោយមានរួមមាន «អេស្ប៉ាញ ព័រទុយហ្គាល់ និងបារាំង» ក្នុងការដណ្តើមបានជើងឯកបាល់ទាត់ពិភពលោក ជំនាន់ទី២៣ នាឆ្នាំក្រោយនៅប្រទេសអាមេរិក មិចស៊ិក និងកាណាដា។
ការថ្លែងបែបនេះត្រូវបានធ្វើឡើង នៅពេលរូបលោកបានចូលរួមក្នុងកម្មវិធី YouTube Channel របស់លោក Romario TV ដែលជាអតីតកីឡាករនិម្មិតរូបរបស់ប្រេស៊ីលផងដែរកាលពីរាត្រីថ្ងៃចន្ទដើមសប្តាហ៍នេះ។ Kroos ក៏បានរំលេចដែលលោកមានវត្តមានក្នុងជម្រើសជាតិអាល្លឹម៉ង់ដែលបានបំបាក់ប្រេស៊ីល ៧-១ ក្នុងវគ្គ ៤ក្រុមកាល World Cup 2014 នៅពេលឥន្រ្ទីដែកជាម្ចាស់ពាន។
ក្នុងកិច្ចសន្ទនានោះដែរ Kroos បានថ្លែងថា «ទាំងអាល្លឺម៉ង់ និងប្រេស៊ីល ក៏មិនស្ថិតក្នុងចំណោម Top-5 នៃការប្រជែងជើងឯក WC26 ដែរ។ Kroos ក៏បានសុំទោស Romario នៅចំពោះមុខដែលថា ប្រេស៊ីលពុំមានឈ្មោះប្រជែងជើងឯកពិភពលោកឆ្នាំក្រោយ ក៏ប៉ុន្តែប្រសិនបើឈ្នះ វាក្លាយជារឿងដ៏អស្ចារ្យបំផុត»។
ទោះជាបែបនេះក្តី ចំណែកឯការព្យាករណ៍ជាសកលវិញបានបង្ហាញថា តោ៣ អង់គ្លេសជាក្រុមដែលស្ថិតនៅលេខរៀងទី២ បន្ទាប់ពីអេស្ប៉ាញ ក្នុងនាមជាក្រុមមានអត្រាក្នុងការដណ្តើមបានជើងឯក World Cup 2026 ដែលជាក្រុមលេខ១ និងលេខ២ ពានអឺរ៉ុបថ្មីៗ Euro 2024៕





